(ប៉េកាំង)៖ ទិន្នន័យរបស់សមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងទ្វេដងដល់ជាង ២លានគ្រឿងនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិនបានឱ្យដឹងថា កាលពីឆ្នាំមុនប្រទេសចិនបាននាំចេញរថយន្តសរុបចំនួនជាង ២លានគ្រឿងជាលើកដំបូង។

ទិន្នន័យបានបង្ហាញថា ការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង ៣ដងដល់ ៣១០.០០០គ្រឿង។

ក្នុងចំណោមការនាំចេញរថយន្តសរុប ការនាំចេញរថយន្តដឹកអ្នកដំណើរមានចំនួន ១,៦១លានគ្រឿង ហើយការនាំចេញរថយន្តពាណិជ្ជកម្មបានកើនឡើង ៧០,៧ភាគរយដល់ ៤០២.០០០គ្រឿង។

ទិន្នន័យបានបង្ហាញទៀតថា គ្រាន់តែក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចនេះបាននាំចេញរថយន្តចំនួន ២២៣.០០០គ្រឿង កើនឡើង ១១,៤ភាគរយធៀបនឹងខែវិច្ឆិកា និងកើនឡើង ៥៤ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕