(បាងកក)៖ សមាគមក្រុមហ៊ុននាំចេញអង្ករថៃបានឱ្យដឹងថា ប្រទេសថៃបានកំណត់ទិសដៅនាំចេញអង្ករចំនួន ៧លានតោននៅឆ្នាំនេះ ដែលកើនឡើង ១៤,៦ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសនាំចេញអង្ករធំជាងគេទី៣ ក្នុងពិភពលោកមួយនេះបាននាំចេញអង្ករចំនួន ៦,១១លានតោនកាលពីឆ្នាំ២០២១ និង ៥,៧លានតោនក្នុងឆ្នាំ២០២០ ដែលជាបរិមាណទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមក្រុមហ៊ុននាំចេញអង្ករថៃបានឱ្យដឹងថា ការនាំចេញអង្ករគួរទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពថ្លៃប្រាក់បាត ដែលធ្វើឱ្យតម្លៃកាន់តែមានភាពប្រកួតប្រជែង និងជម្នះបានស្ថានភាពនានាកាន់តែប្រសើរ។

ប្រទេសថៃរំពឹងថានឹងផលិតអង្ករបានចំនួន ១៩,៥លានតោននៅឆ្នាំនេះ កើនឡើង ១៨ភាគរយធៀបនឹងចំនួន ១៦,៥លានតោននៅឆ្នាំមុន។

លោក Chookiat បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វាជាចក្ខុវិស័យកាន់តែភ្លឺថ្លានៅឆ្នាំនេះជាងពីរឆ្នាំមុន ដែលគ្រោះរាំងស្ងួតបានរារាំងដល់ផលិតកម្ម ហើយប្រាក់បាតមានតម្លៃខ្លាំង»

លោកបានបន្ថែមថា បញ្ហាកង្វះកុងតឺណ័រនាំចេញ និងតម្លៃដឹកជញ្ជូនពិភពលោកកាន់តែខ្ពស់ ដែលបានប៉ះពាល់ដល់ការនាំចេញនៅឆ្នាំមុន ក៏បានចាប់ផ្តើមថមថយដែរ។

លោកមានប្រសាសន៍ថា៖ «យើងគួរតែវ៉ាប្រទេសវៀតណាមនៅឆ្នាំនេះ និងក្លាយជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោក»