(បាងកក)៖ ធនាគារកណ្តាលថៃមានផែនការអនុញ្ញាតឱ្យធនាគារពាណិជ្ជទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធនាគារលើសពី១ រួមទាំងអាជ្ញាប័ណ្ណធនាគារនិម្មិតដែលគ្រោងនឹងធ្វើឡើងផងដែរ ដើម្បីត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារថៃថា កាលពីថ្ងៃអង្គារសប្តាហ៍នេះធនាគារកណ្តាលថៃបានចេញផ្សាយឯកសារប្រឹក្សាយោបល់សាធារណៈមួយក្រោមប្រធានបទ «ការរៀបចំវិស័យហិរញ្ញវត្ថុរបស់ថៃឡើងវិញសម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយនិរន្តរភាព» ដើម្បីដាក់ចេញគោលការណ៍ និងការណែនាំគោលនយោបាយជាមូលដ្ឋានសម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុថ្មីមួយ។

ការរៀបចំវិស័យហិរញ្ញវត្ថុឡើងវិញនេះ ត្រូវការការសម្រេចបានតុល្យភាពត្រឹមត្រូវរវាងការជំរុញនវានុវត្តន៍ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងការអនុញ្ញាតឱ្យមានភាពបត់បែនក្នុងការដោះស្រាយជាមួយនឹងការផ្លាស់ប្តូរដែលកើតឡើងភ្លាមៗ។

ធនាគារកណ្តាលថៃកំពុងបើកចំហរទទួលយកមិតយោបល់ពីវិស័យទាំងអស់ ដើម្បីធានាបាននូវការណែនាំ និងគោលនយោបាយដែលបម្រើសមស្របដល់តម្រូវការរបស់ភាគីពាក់ព័ន្ធទាំងអស់។ សវនការជាសាធារណៈនេះគម្រោងនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។

លោកស្រី Roong Mallikamas ជំនួយការទេសាភិបាលធនាគារកណ្តាលថៃទទួលបន្ទុកក្រុមគោលនយោបាយស្ថាប័នហិរញ្ញវត្ថុបានថ្លែងថា នៅក្នុងឯកសារប្រឹក្សាយោបល់នេះ ធនាគារកណ្តាលថៃផ្តល់ភាពបត់បែនកាន់តែខ្លាំងសម្រាប់ប្រតិបត្តិការអាជីវកម្មធនាគារប្រពៃណី និងស្វាគមន៍តួអង្គនវានុវត្តន៍ថ្មីៗ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារឌីជីថល ធនាគារនិម្មិត និងផ្សេងៗទៀត។

អ្នកស្រី Roong បន្ថែមថា ទាក់ទងនឹងទិដ្ឋភាពហិរញ្ញវត្ថុថ្មីមួយ ធនាគារកណ្តាលរំពឹងថា វិស័យហិរញ្ញវត្ថុនឹងទាញយកប្រយោជន៍ពីភាពទំនើបនៃបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ និងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការការពារអ្នកប្រើប្រាស់ដោយស្មើភាពក្នុងបរិយាកាសប្រកួតប្រជែង។

អ្នកស្រីថ្លែងថា ទិដ្ឋភាពហិរញ្ញវត្ថុថ្មីមួយនឹងសម្របសម្រួលការផ្លាស់ប្តូរក្រុមហ៊ុននិងគ្រួសារប្រើប្រាស់ឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល ព្រមទាំងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព៕