(ក្រុងឡុងដ៍)៖ ប្រភពមកពីក្រុមប្រទេសផលិតប្រេងឆៅ OPEC+ បានឱ្យដឹងថា ក្រុមប្រទេសនេះទំនងជានឹងប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយដំឡើងទិន្នផលប្រេងដែលមានសម្រាប់របស់ខ្លួននៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ បើទោះជាខ្លួនរំពឹងថាតម្រូវការនឹងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅឆ្នាំនេះក៏ដោយ និងខណៈដែលតម្លៃប្រេងត្រូវបានជួញដូរក្នុងតម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០១៤ក្តី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានសមាជិករបស់អង្គការ OPEC និងក្រុមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី និងផលិតប្រេងបានជាង ៤០% នៃការផ្គត់ផ្គង់ពិភពលោក បានប្រឈមនឹងសម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌាជាដើម ឱ្យបង្កើនការបូមប្រេងបន្ថែមទៀតដើម្បីជួយដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩។

ប៉ុន្តែក្រុមប្រទេស OPEC+ បានបដិសេធបង្កើនការបូមប្រេងឱ្យច្រើនជាងផែនការបច្ចុប្បន្នរបស់ខ្លួន ដោយលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងកង្វះថាមពលដោយសារប្រទេសប្រើប្រាស់ថាមពលគណនាមិនត្រឹមត្រូវចំពោះផ្លាស់ប្តូរថាមពលទៅរកឥន្ធនៈបៃតង។

ប្រទេសសមាជិកមួយចំនួនរបស់អង្គការ OPEC បានព្យាយាមបូមប្រេងបន្ថែមទៀតស្របតាមកូតារបស់ពួកគេ ដោយសារការវិនិយោគមិនគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភពចំនួន៥ ពីក្រុមប្រទេស OPEC+ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារថា ពួកគេរំពឹងថា រដ្ឋមន្ត្រីក្រសួងថាមពលរបស់ក្រុមប្រទេសនេះនឹងឯកភាពគ្នាជាមួយនឹងផែនការដំឡើងទិន្នផលប្រេងចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែលសម្រាប់ខែមីនាខាងមុខ បើទោះជាតម្លៃប្រេងខ្ពស់ក៏ដោយ។

នៅពេលសួរថាតើកិច្ចប្រជុំរបស់គណៈកម្មការជំនាញរបស់ OPEC+ បានពិភាក្សាអំពីការដំឡើងទិន្នផលប្រេងលើកម្រិត ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃឬអត់នៅក្នុងកិច្ចប្រជុំតាមអនឡាញនោះ ប្រភពមួយក្នុងចំណោមប្រភពទាំងនេះបានថ្លែងថា៖ «បញ្ហា (នៃការបង្កើនការបូមឱ្យច្រើនជាងនេះ) មិនកើតមាននោះទេ ហើយខ្ញុំគិតថាវានឹងមិនកើតឡើងទេ»

របាយការណ៍មួយដែលរៀបចំដោយគណៈកម្មការនេះ ឬហៅថា គណៈកម្មករបច្ចេកទេសរួម (JTC) ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានកាលពីថ្ងៃអង្គារ បានបង្ហាញថា គណៈកម្មការនេះបានរក្សារការព្យាករពីកំណើនតម្រូវការប្រេងពិភពលោកនៅដដែលសម្រាប់ឆ្នាំ២០២២ គឺ ៤,២លានប៉ារែលក្នុងមួយថ្ងៃ។

គណៈកម្មការ JTC រំពឹងថា តម្រូវការប្រេងនឹងកើឡើងដល់កម្រិតមុនពេលមានការរាតត្បាតជំងឺនៅឆមាសទី២ ឆ្នាំនេះ។ តម្រូវការប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺជាង ១០០លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕