(វ៉ាស៊ីនតោន)៖ អាមេរិកបានឱ្យដឹងថា ប្រទេសចិនបានបរាជ័យក្នុងការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ដែលមានរយៈពេលពីរឆ្នាំ ដែលបានផុតកំណត់នៅដំណាច់ឆ្នាំ២០២១ ហើយការពិភាក្សានានាកំពុងបន្តជាមួយទីក្រុងប៉េកាំងអំពីបញ្ហានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Sarah Bianchi អនុអ្នកតំណាងពាណិជ្ជកម្មអាមេរិកខណៈថ្លែងថា៖ «អ្នកដឹងទេ វាពិតជាច្បាស់ណាស់ថា ចិនមិនបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងដំណាក់កាលទី១។ នោះគឺជាអ្វីដែលយើងកំពុងដោះស្រាយ»

នៅក្នុងកិច្ចព្រមព្រៀងនេះដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងខែមករា ឆ្នាំ២០២០ ប្រទេសចិនបានប្តេជ្ញាបង្កើនការទិញទំនិញកសិកម្មនិងទំនិញរោងចក្រ ថាមពល និងសេវាកម្មរបស់អាមេរិកក្នុងតម្លៃ ២០០ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ និង២០២១ ដែលទឹកប្រាក់នេះមានកម្រិតលើទំហំឆ្នាំ២០១៧។

ទិន្នន័យដែលចងក្រមដោយលោក Chad Bown សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនសម្រេចបានតែប្រហែល ៦០%នៃគោលដៅនេះប៉ុណ្ណោះ។

កិច្ចព្រមព្រៀងនេះបានទប់ស្កាត់មិនឱ្យមានការកើនឡើងសង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលជិត៣ឆ្នាំរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ប៉ុន្តែបញ្ហាដកហូតពន្ធលើទំនិញនាំចូលដោយប្រទេសទាំងពីរដែលមានតម្លៃរាប់រយប៊ីលានដុល្លារនៅតែជាធរមានដដែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកបានថ្លែងទៅកាន់សមាជិកសភានៅចុងខែមករាថា ការទិញទំនិញកសិកម្មរបស់អាមេរិកពីសំណាក់ប្រទេសចិនទាបជាងគោលដៅក្នុងកិច្ចព្រមព្រៀងដំណាក់កាលទី១ ចំនួន ១៣ប៊ីលានដុល្លារ៕