(បាងកក)៖ វិស័យទេសចរណ៍នៅកោះសាម៉េត ប្រទេសថៃអាចខាតបង់ជាង ១,៥ប៊ីលានបាត (ប្រហែល ៤៥លានុដុល្លារ) ដោយសារកំពប់ប្រេងថ្មីៗនេះទៅក្នុងសមុទ្រប៉ះពាល់ដល់ទំនុកចិត្តធ្វើដំណើរក្នុងរយៈពេល ៣ខែខាងមុខ ខណៈដែលប្រតិបត្តិករទេសចរណ៍ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់តឹងរ៉ឹងដើម្បីការពារធនធានធម្មជាតិ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Sarinthip Tupmongkholsup ប្រធានសមាគមទេសចរណ៍កោះសាម៉េត បានថ្លែងថា សណ្ឋាគារប្រហែល ១៥០ ដែលមាន ៤.០០០បន្ទប់ បានមើលឃើញមានការកើនឡើងការលុបចោលការកក់។

នៅពេលនេះ នៅមានភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលវែងតិចតួចណាស់ ដែលពួកគេទាំងនោះបានចូលមកសម្រាកមុនពេលកើតមានឧប្បត្តិហេតុកំពប់ប្រេង។

កាសែតបាងកកប៉ុស្តិ៍ មិនមានការកក់ថ្មីឡើយពីភ្ញៀវទេសចរក្នុងស្រុក បើទោះជាជាថ្ងៃបុណ្យចូលឆ្នាំចិនក៏ដោយ។ ទន្ទឹមនឹងនេះដែរ ភ្ញៀវទេសចរអន្តរជាតិស្ថិតក្រោមគម្រោង Test & Go បានពន្យាពេលការធ្វើដំណើររបស់ពួកគេ ឬបានសម្រេចចិត្តជ្រើសរើសទិសដៅទេសចរណ៍ផ្សេងទៀត។

លោកស្រី Sarinthip ថ្លែងទៀតថា ប្រតិបត្តិការទេសចរណ៍កំពុងសិក្សាលើផលប៉ះពាល់លើទេសចរណ៍។ យោងតាមការព្យាករបឋម កោះនេះត្រូវបានរំពឹងថានឹងខាងបង់ជាង ៥០០លានបាតក្នុងមួយខែ។

ហានិភ័យមានទំហំធំដោយសារនៅចន្លោះពីខែមករាដល់ខែមេសា កឺជារដូវឈប់សម្រាកខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក។

ទំនុកចិត្តធ្វើដំណើរ នឹងចំណាយពេលមិនតិចជាងពី១ ទៅ ៣ ខែទេក្នុងការស្តារមកវិញ ខណៈដែលភ្ញៀវទេសចរមានក្តីបារម្ភអំពីបញ្ហាសុខភាពពាក់ព័ន្ធនឹងប្រេង និងសារធាតុគីមីពីដំណើរការសម្អាតប្រេងនៅលើផ្ទៃទឹក។

លោកស្រី Sarinthip មានប្រសាសន៍ថា៖ «ប្រតិបត្តិការទេសចរដែលកំពុងតស៊ូស្តារអាជីវកម្មមកវិញពីការរាតត្បាតជំងឺមានក្តីសង្ឃឹមខ្ពស់ចំពោះទីផ្សារនៅខែកុម្ភៈ។ ប៉ុន្តែការកំពប់ប្រេងបានធ្វើការការរំពឹងទុករបស់យើងសម្រាប់រយៈពេលខ្លីរលាយបាត់»