(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រវាងក្រុមការងាររដ្ឋបាលជលផលកម្ពុជា និងប្រតិភូអគ្គរដ្ឋបាលគយចិន បានបញ្ចប់ទៅកម្ពុជាមានក្តីសង្ឃឹមច្រើន ចំពោះការនាំចេញត្រីប្រាពីកម្ពុជាទៅចិន។ នេះបើតាមមន្រ្តីជាន់ខ្ពស់រដ្ឋបាលជលផល ប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផលឱ្យដឹងថា ភាគីចិនបានសម្រេចឯកភាពជាបណ្តោះអាសន្នឱ្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣ និងកន្លែងកែច្នៃត្រី១ ទីតាំងអាចនាំចេញបាន ប៉ុន្តែត្រូវកែចំណុចខ្វះខាតដែលភាគីចិន បានតម្រូវជាមុនសិន មុននឹងភាគទាំងពីរចុះពិធីសាររួមគ្នា ដើម្បីអនុញ្ញាតឱ្យត្រីប្រាកម្ពុជាទៅប្រទេសចិន។

លោកគូសបញ្ជាក់ថា កសិដ្ឋានទាំង៣ និងរោងចក្រកែច្នៃ១ទីតាំង ដែលបានត្រួតពិនិត្យ និងវាយតម្លៃដោយភាគីអគ្គរដ្ឋបាលគយចិនរួចហើយ ត្រូវរៀបចំកែលម្អ ទៅតាមចំណុចខ្វះខាតដែលលើកឡើងដោយភាគីចិន និងធ្វើរបាយការណ៍បង្ហាញពីការកែលម្អនោះឱ្យបានមុនថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ កសិដ្ឋានដែលមិនបានអនុវត្ត នឹងមិនទទួលបានការចុះបញ្ជីដោយស្ថាប័នគយចិន សម្រាប់ការនាំចេញទៅចិនទេ។

លោកស្នើឱ្យម្ចាស់កសិដ្ឋានត្រីទាំង៣កន្លែង និងកន្លែងកែច្នៃត្រី១ ត្រូវប្រញាប់រូតរះ បំពេញនៅរបាយការណ៍ ដែលជាចំណុចខ្វះខាតឱ្យទាន់ពេលវេលា ដើម្បីផ្ញើទៅប្រទេសចិន។

លោកបញ្ជាក់ថា «ត្រីប្រានាំចេញបាន ឬមិនបាននៅក្នុងឆ្នាំនេះ ស្ថិតលើឯកសារដែលបានបំពេញបន្ថែមពីខាងកសិដ្ឋាន ពីខាងរោងចក្រកែច្នៃ ផ្តល់ឱ្យខាងភាគីចិនឱ្យបានទាន់ពេលដែរ ឬទេ? សង្ឃឹមថា ត្រីប្រាកម្ពុជានឹងអាចនាំចេញទៅបាន លុះត្រាតែភាគីទាំងពីរចុះហត្ថលេខារួមគ្នា នៅលើពិធីសារនៃកិច្ចព្រមព្រៀង ដើម្បីនាំចេញត្រីពីកម្ពុជាទៅចិន»

កិច្ចប្រជុំវាងក្រុមការងារនៃរដ្ឋបាលជលផល និងប្រតិភូអគ្គរដ្ឋបាលគយនៃប្រទេសចិន ដើម្បីបត្រួតពិនិត្យ និងវាយតម្លៃលក្ខខណ្ឌតម្រូវសុវត្ថិភាព គុណភាព និងអនាម័យត្រីប្រាកម្ពុជា សម្រាប់នាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ បានចាប់ផ្តើមពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ក្នុងរយៈពេល៩ថ្ងៃនេះ បានធ្វើការពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣កន្លែង ពិនិត្យ និងវាយតម្លៃមន្ទីរពិសោធថ្នាក់ជាតិ២កន្លែង និងកន្លែងកែច្នៃត្រីចំនួន២កន្លែង និងប្រជុំជាមួយតំណាងកំពង់ផែស្វ័យតក្រុងភ្នំពេញ និងគយប្រចាំនៅកំពង់ផែក្រុងព្រះសីហនុ ដែលច្រកនាំចេញត្រី ដើម្បីធានាថាទាំងការចិញ្ចឹម ការកែច្នៃ និងការដឹកជញ្ជូន ត្រូវធានាថាមានសុវត្ថិភាព អនាម័យ និងមានគុណភាព។

លោកបានឱ្យដឹងបន្តថា សម្រាប់កសិដ្ឋានចិញ្ចឹមត្រូវផ្សេងពីនេះ ចង់នាំចេញទៅចិនត្រូវស្នើសុំការចុះបញ្ជី ដើម្បីត្រួតពិនិត្យ និងវាយតម្លៃនៅលើកក្រោយទៀត។

លោកបន្តថា ប្រសិនបើត្រីប្រាកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅចិន គឺជាការបើកទីផ្សារ សម្រាប់វារីវប្បករនៅកម្ពុជា និងជាឱកាសអំណោយផលដល់វារីវប្បករកម្ពុជា ព្រោះប្រទេសកម្ពុជា ជាទីតាំងអំណោយផលក្នុងការចិញ្ចឹមត្រី ទាំងអាកាសធាតុ និងទឹក ដែលធ្វើឱ្យវិស័យនេះ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារបន្ថែមដល់ពលរដ្ឋកម្ពុជា។

«ដើម្បីឱ្យបានផលិតផលត្រីប្រារបស់កម្ពុជានេះល្អ ទាល់តែវារីវប្បករកម្ពុជាអ្នកចិញ្ចឹមត្រីប្រា ត្រូវគោរពទៅតាម គោលការណែនាំអនុវត្តវារីវប្បកម្មល្អ ត្រូវគ្រប់គ្រងការងារចិញ្ចឹម ការផ្តល់ចំណីឱ្យបានគុណភាពល្អ ទឹក បរិស្ថានឱ្យមានអនាម័យល្អ ។ ចំណែករោងចក្រកែច្នៃ នៅពេលដែលត្រីបានទៅដល់រោងចក្រហើយ ត្រូវធ្វើឱ្យមានគុណភាល្អ មានសុវត្ថិភាព និងអនាម័យ»។ លោក ហាវ វិសិដ្ឋ បញ្ជាក់បន្ថែម។

សូមជម្រាបថា បើតាមរដ្ឋបាលជលផល ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា៕