(បាងកក)៖ សមាគមភ្នាក់ងារធ្វើដំណើរថៃ (ATTA) បានឱ្យដឹងថា ការមកដល់របស់អ្នកដំណើរអន្តរជាតិអាចកើនឡើងដល់ខ្ពស់ជាង ៥លាននាក់នៅឆ្នាំនេះ បើរដ្ឋាភិបាលថៃចាប់ផ្តើមគម្រោងរៀបចំការធ្វើដំណើរ (Travel bubble) ជាមួយប្រទេសជាដៃគូនៅអាស៊ី។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ATTA បានឱ្យដឹងទៀតថា គម្រោងមិនធ្វើចត្តាឡីស័ក Test & Go តែមួយនេះ មិនគ្រប់គ្រាន់នោះឡើយក្នុងការទាក់ទាញអ្នកធ្វើដំណើរដែលប្រឈមនឹងការធ្វើចត្តាឡីស័កនៅពេលពួកគេវិលត្រលប់ទៅផ្ទះរបស់ពួកគេវិញឡើយ ហើយប្រទេសថៃក៏គួរត្រៀមខ្លួនសម្រាប់ទីផ្សារអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីចំណងកាទូតរវាងប្រទេសទាំងបានស្តារឡើងវិញ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Sisdivachr Cheewarattanaporn ប្រធាន ATTA ខណៈថ្លែងថា៖ «ក្រៅពីក្រសួងទេសចរណ៍និងកីឡា និងអាជ្ញាធរទេសចរណ៍ថៃ (TAT) គម្រោងរៀបចំការធ្វើដំណើរមិនអាចសម្រេចទៅបានទេបើគ្មានការគាំទ្រខ្លាំងពីក្រសួងការបរទេស។ បើក្រសួងការបទេសមិនអាចផ្តួចផ្តើមកិច្ចសហប្រតិបត្តិការបែបនេះទេ នៅពេលនោះនាយករដ្ឋមន្ត្រីខ្លួនឯងត្រូវតែចាប់ផ្តើមធ្វើកិច្ចការនេះ»

លោកបន្ថែមថា មានប្រទេសអាស៊ីមួយដែលផ្តល់ភ្ញៀវទេសចរណ៍ជិត ២លាននាក់ក្នុងមួយមកឱ្យប្រទេសថៃមុនពេលមានការរាតត្បាតជំងឺ ដែលចង់តភ្ជាប់ប្រទេសឡើងវិញតាមរយៈកិច្ចព្រមព្រៀងរៀបចំការធ្វើដំណើរ ប៉ុន្តែការឆ្លើយតបមិនល្អពីថៃបានបង្អាក់កិច្ចប្រឹងប្រែងនេះវិញ។

លោក Sisdivachr បានថ្លែងថា កិច្ចព្រមព្រៀងរៀបចំការធ្វើដំណើរអាចជំរុញប្រទេសមួយចំនួនដែលបានរឹតបន្តឹងវិធានការការពាររបស់ខ្លួនឱ្យពិចារណាជម្រើសនេះធ្វើជាមធ្យោបាយដើម្បីធ្វើឱ្យអាជីវកម្ម និងឧស្សាហកម្មធ្វើដំណើររស់ឡើងវិញ ដែលអាចជួយសង្គ្រោះសេដ្ឋកិច្ចរបស់ពួកគេពីផលប៉ះពាល់ដែលបានអូលបន្លាយពេល។ លោកបានលើកឡើងពីប្រទេសជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ សិង្ហបុរី និងចិនធ្វើជាទិសដៅអាទិភាព។

លោក Sisdivachr បានបន្ថែមថា ប្រតិបត្តិករទេសចរណ៍កំពុងរៀបចំធ្វើទីផ្សាររបស់ខ្លួន ដែលមិនរាប់បញ្ចូលប្រទេសចិនរហូតទាល់តែដល់ត្រីមាសចុងក្រោយនៅឆ្នាំនេះ ដោយសារចិនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងារនៅខែក្រោយ និងកីឡាអាស៊ីក្នុងខែកញ្ញា។ អាទិភាពកំពូលសម្រាប់ទីក្រុងប៉េកាំងគឺត្រូវទប់ស្កាប់មិនឱ្យមានការផ្ទុះជំងឺណាមួយនៅក្នុងប្រទេស។

លោកបន្តថា ទាំងប្រទេសថៃ និងប្រទេសជាដៃគូនឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច បើការរៀបចំការធ្វើដំណើរត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ហើយប្រទេសថៃនឹងទាក់ទាញបានភ្ញៀវទេសចរយ៉ាងហោចណាស់ ៥លាននាក់ បើការរៀបចំការធ្វើដំណើរនេះត្រូវបានអនុញ្ញាត ដែលកើនឡើងពីចំនួនជាង ២០ម៉ឺននាក់នៅឆ្នាំ២០២១។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕