(សិង្ហបុរី)៖ អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញ (URA) របស់សិង្ហបុរីបានឱ្យដឹងនៅថ្ងៃសុក្រថា ការលក់ផ្ទះឯកជនថ្មី និងការលក់បន្តអចលនទ្រព្យដែលមានស្រាប់ក្នុងប្រទេសិង្ហបុរី បានកើនឡើងនៅឆ្នាំមុន បើទោះជាតម្លៃកើនឡើងដល់កម្រិតខ្ពស់បំផុតក្តី។ នេះបើយោងតាមកាសែត Channel News Asia។

ទិន្នន័យរបស់អាជ្ញាធរ URA បានបង្ហាញថា សម្រាប់រយៈពេលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនអភិវឌ្ឍន៍បានលក់លំនៅឋានឯកជនចំនួន ១៣.០២៧យីនីត ធៀបនឹងចំនួន ៩.៩៨២យីតនីតនៅឆ្នាំ២០២០។

នៅទីផ្សារបន្ទាប់ ដែលទិញលក់ផ្ទះដែលមានស្រាប់ មានការលក់បន្តផ្ទះចំនួន ១៩.៩៦២យូនីត ធៀបនឹងចំនួន ១០.៧២៩យូនីត ដែលបានលក់ក្នុងឆ្នាំ២០២០។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីអ្នកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនស្រាវជ្រាវ និងវិភាគ OrangeTee & Tie ថា ប្រតិបត្តិការលក់បន្តក្នុងឆ្នាំ២០២១ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០៧ មក ដែលនៅពេលនោះលក់បានចំនួន ២០.៩៨០យូនីត។

អ្នកស្រីបន្ថែមថា៖ «តម្លៃកើនឡើងលឿនមិនបានរារាំងដល់តម្រូវការទេ ហើយការលក់មានស្ថានភាពល្អក្នុងគម្រោងថ្មី និងគម្រោងអភិវឌ្ឍលក់បន្តជាច្រើនកាលពីឆ្នាំមុន»

លោក Mohan Sandrasegeran អ្នកវិភាគខាងផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុន Ohmyhome មានប្រសាសន៍ថា មានកត្តារួមផ្សំជាច្រើនដែលបានចូលរួមចំណែកដល់លទ្ធផលល្អរបស់ទីផ្សារសម្រាប់ផ្នែកលក់ផ្ទះឯកជនថ្មី។

លោកមានប្រសាសន៍ថា៖ «តម្រូវការនឹងនរ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច អត្រាការប្រាក់ទាប និងភាពសុទិដ្ឋិនិយមអំពីការចាក់វ៉ាក់សាំង បានជំរុញតម្រូវការ និងតម្លៃក្នុងឆ្នាំ២០២១»

អ្នកស្រី Sun បានបន្ថែមថា សម្រាប់រយៈពេលពេញមួយឆ្នាំ២០២១ តម្លៃផ្ទះឯកជនបានកើនឡើង ១០,៦ភាគរយ ដែលកើនឡើងខ្លាំងពី ២,២ភាគរយនៅឆ្នាំ២០២០ និងជាកំណើនខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០១០មក ដែលនៅពេលនោះតម្លៃផ្ទះឯកជនបានកើនឡើង ១៧,៦ភាគរយ។ នេះបើយោងតាមកាសែត Channel News Asia៕