(ភ្នំពេញ)៖ នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ការងារអាទិភាពមួយចំនួន ដើម្បីគ្រប់គ្រងចំណូលក្នុងវិស័យធំៗ ដែលជាសក្តានុពល សម្រាប់ចំណូលពន្ធរួមមាន ការដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល, កំណត់អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថា អចលនទ្រព្យនីមួយៗ បានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យ ដោយមិនបានបង់ពន្ធ, ការធ្វើទំនើបកម្មយន្តការត្រួតពិនិត្យ តាមដានការដឹកជញ្ជូនផលិតផលតេលសិលា (ប្រេងឥន្ធនៈ) និងគ្រឿងសំណង់ និងវិធានការគ្រប់គ្រងលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ជាដើម។

ក្រៅពីការងារសំខាន់ៗទាំងនេះ នៅការងារអាទិភាពមួយទៀត របស់អគ្គនាយកដ្ឋានពន្ធដារ គឺការជំរុញសហគ្រាស ក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) ឱ្យចូលខ្លួនមកចុះបញ្ជីពន្ធដារ និងបង់ពន្ធឲ្យបានត្រឹមត្រូវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ២០២១ និង ទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារ នឹងជំរុញសហគ្រាសក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៉ីណូ) ឱ្យចូលខ្លួនមកចុះបញ្ជីពន្ធដារ និងអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម»

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានបង្ហាញការគាំទ្រ ចំពោះផែនការជំរុញឲ្យមានប្រសិទ្ធភាព នៃការប្រមូលពន្ធលើវិស័យល្បែងពាណិជ្ជ (កាស៉ីណូ) នេះ ហើយថាវិស័យនេះមានប្រាក់ចំណូលច្រើន ប៉ុន្តែប្រសិទ្ធភាពនៃការប្រមូលពន្ធនៅមានកម្រិត ពិសេសកាស៉ីណូអនឡាញ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានបញ្ជាក់ឲ្យដឹងថា ជាការល្អដែលមានការរឹតបន្តឹងឲ្យសហគ្រាស ក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៉ីណូ) មកបំពេញកាតព្វកិច្ចពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ ព្រោះតែវិស័យនេះមានប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ ដែលជាប្រមូលចំណូលពន្ធរបស់រាជរដ្ឋាភិបាល ដើម្បីរកបានទុនកាន់ច្រើន ក្នុងការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។

សូមជម្រាបថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០២០។ ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សា សុវត្ថិភាព និងសន្តិសុខសង្គម។

នៅឆ្នាំ២០២០ ចំណូលពន្ធលើវិស័យកាស៊ីណូ សម្រេចបាន៤០លានដុល្លារ ធ្លាក់ចុះជាង៥០% ដោយសារវិបត្តិកូវីដ១៩៕