(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

ឆ្នាំ២០២២នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងពិធីបុណ្យនេះ ក្រៅតែពីសំណែន និងក្រដាស ជូនពរឆ្នាំថ្មី ដាក់តាំងនៅក្នុងផ្ទះ ក៏តែងតែដាក់តាំងលម្អគេហដ្ឋាន នូវដើមរុក្ខជាតិ ឬដើមផ្កាផ្សេងៗ ដូចជាផ្កាអង្គាសិល្ប៍ជាដើម។

ផ្កាអង្គារសិល្ប៍ ត្រូវបានគេដឹងថា ជាផ្កាដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ព្រោះផ្កានេះត្រូវបានគេជឿថា ជាផ្កាដែលមានឥទ្ធិពលល្អ សម្រាប់នាំមកនូវសេចក្តីសុខសុភមង្គល ហើយបញ្ចៀសរឿងរ៉ាវអាក្រក់ដែលអ្នកដទៃប៉ងមកលើយើង ឬក្រុមគ្រួសារឱ្យក្លាយជាលាភបានផងដែរ។ ដោយសារតែការមានជំនឿរបែបនេះហើយ ទើបធ្វើឲ្យផ្កាអង្គារសិល្ប៍ក្លាយជាផ្កាម៉្យាងដែលស្ទើរតែមិនអាចខ្វះបាន សម្រាប់ការដាក់តាំងលម្អរនៅក្នុងគេហដ្ឋាន ក៏ដូចជាកន្លែងមួយចំនួនទៀត ពីសំណាក់ជនជាតិចិន និងបងប្អូនខ្មែរកាត់សែស្រឡាយចិន។

បើទោះបីជាផ្កានេះ ជាផ្កាដែលតំណាងឲ្យសុខសុភមង្គលយ៉ាងណាក្តី តែចំពោះអ្នកលក់ផ្កាអង្គារសិល្ប៏វិញ ការលក់ផ្កានេះហាក់បីដូចជាការផ្សងសំណាងយ៉ាងដូច្នោះដែរ ព្រោះពេលខ្លះផ្កាចេញល្អចំថ្ងៃ ពួកគាត់អាចលក់បានចំណេញ ប៉ុន្តែបើផ្កាចេញមិនចំថ្ងៃ រីកមុន ឬ ក្រោយនោះ នឹងធ្វើឲ្យពួកគាត់ខាតបង់ទាំងស្រុងតែម្តង។

នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពួកគាត់ក៏បានជួបប្រទះនូវឧបសគ្គបន្ថែមទៀតនោះ គឺកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ពួកគាត់ខ្លះដែរ។

ដោយឡែកនៅក្នុងឆ្នាំនេះជាឆ្នាំទី៣ហើយ ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅតែប្រារព្ធឡើងក្នុងបរិបទនៃជំងឺកូវីដ១៩ដដែល ស្របពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញទាំងស្រុង។

កំពុងតែមមាញឹកនឹងការលក់ផ្កាអង្គារសិល្ប៍ អ្នកស្រី បៀន ឃីម ដែលប្រកបរបរលក់ផ្កានេះតាំងពីឆ្នាំ១៩៩៧មក បានឆ្លៀតបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំនេះអ្នកស្រីនាំយកផ្កាមកច្រើនជាងឆ្នាំមុន ប៉ុន្តែខូចជាងពាក់កណ្តាលទៅហើយ ដែលនាំឲ្យគាត់អាចនឹងខាត បើទោះបីជាលក់ដាច់អស់ក៏ដោយ ខណៈដែលបើធៀបជាមួយឆ្នាំមុន គឺគាត់លក់ចំណេញជាង។

លោកស្រីបញ្ជាក់ថា ពាក់ព័ន្ធជាមួយតម្លៃវិញ គឺផ្កាណាដែលរីកល្អនឹងចំថ្ងៃគាត់អាចលក់បាន នៅក្នុងតម្លៃមួយដែលថ្លៃគួរសម។ លោកស្រីថា ផ្កានេះគឺលោកស្រីយកមកដោយផ្ទាល់ពីភ្នំឧរ៉ាល់ ជាមួយនឹងដើមទុនប្រមាណជាង១០០០ដុល្លារ។

ចំណែកឯអាជីវករមួយរូបទៀត គឺអ្នកស្រី ផល្លា ដែលជាប្រកបរបរលក់ផ្កាអង្គារសិល្ប៍ជាង២០ឆ្នាំមកហើយនោះ បានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះគាត់យកផ្កាមកតិចជាងឆ្នាំមុន ព្រោះផ្កាមិនសូវសំបូរដូចឆ្នាំមុន ខូចច្រើន ប៉ុន្តែឆ្នាំនេះអ្នកស្រីចំណាយដើមទុនច្រើនជាងឆ្នាំមុន។

អ្នកស្រីបានបញ្ជាក់ថា ផ្កានៅក្នុងឆ្នាំនេះលក់ចេញក្នុងតម្លៃថ្លៃជាឆ្នាំមុន ព្រោះទិញចូលក្នុងតម្លៃថ្លៃ ហើយចំពោះសន្ទុះនៃការទិញផ្កាយកទៅដាក់តាំងសែននោះ គឺមិនមានការថមថយនោះទេ។

បើទោះបីជាអាជីវករមួយចំនួនបានលើកឡើងថា ការលក់ផ្កានៅក្នុងឆ្នាំនេះ អាចប្រឈមនឹងការខាតយ៉ាងណាក្តី តែអ្នកស្រី គីម ស្រ៊ី ដែលប្រកបរបរលក់ផ្កាអង្គាសិល្ប៍នៅម្តុំរង្វង់មូលសំពៅមាស បែរជាបញ្ជាក់ថា លោកស្រីមិនខាតនោះទេរំពឹងថាចំណេញថែមទៀតផង។

លោកស្រីបញ្ជាក់ថា គាត់មិនមែនជាអ្នកយកមកពីខេត្តផ្ទាល់នោះទេ គឺជាឈ្មួញកណ្តាល ដែលទិញពីខាងផ្សារដីហុយយកមកលក់បន្ត ជាមួយដើមទុនប្រហែលជាង៨០០ដុល្លារ។ ជារៀងរាល់ឆ្នាំផ្ការបស់អ្នកស្រី គីម ស្រ៊ី តែងតែលក់អស់ៗ មិនដែលសល់នោះទេ នឹងកម្រខាតណាស់។
លោកស្រីក់ថា ចំពោះសន្ទុះនៃការលក់វិញ គឺថយជាងឆ្នាំមុន ព្រោះមិនសូវមានអ្នកទិញច្រើន តែយ៉ាងណាមិនខាតនោះទេ។

អ្នកទិញផ្កាអង្គារសិល្ប៍ម្នាក់នៅម្តុំរង្វង់មូលសំពៅមាស ដែលកំពុងតែសំឡឹងរកមើលផ្កាអង្គារសិល្ប៍យកទៅដាក់តាំងលម្អរនោះ បានឲ្យដឹងថា ផ្កាអង្គារសិល្ប៍ គឺតំណាងឲ្យការចូលឆ្នាំចិន ហើយកញ្ញាមិនអាចខ្វះបានឡើយ នៅក្នុងការដាក់តាំងផ្កានេះ ដោយនៅក្នុងឆ្នាំនេះ គឺមានការតាំងសែនប្រហែលឆ្នាំមុន ជាមួយតម្លៃថេរដូចឆ្នាំមុន មិនមានការឡើងថ្លៃនោះទេ ប៉ុន្តែកញ្ញាសង្កេតឃើញថាឆ្នាំនេះមិនសូវមានការតាំងលក់ផ្ការអង្គារសិល្ប៍ដូចរាល់ឆ្នាំនោះទេ។

ពាក់ព័ន្ធទៅនឹងជំនឿលើផ្កាអង្គារសិល្ប៍នេះវិញ កញ្ញាជឿលើការដាក់តាំងសែនផ្កានេះ គឺតែងតែមានលាភចូលជានិច្ច ដូច្នេះហើយបានជាកញ្ញាមានជំនឿខ្លាំងទៅលើផ្កាអង្គារសិល្ប៍នេះ។

ដោយឡែក អ្នកនាង ដាឡែន ជាកូនខ្មែរកាត់សែស្រឡាយចិន បានឲ្យដឹងថា គាត់តែងតែដាក់តាំងលម្អរនូវផ្កាអង្គារសិល្ប៏មិនដែលខាននោះទេ ព្រោះជាទម្លាប់ ហើយជួយលើករាសីរបស់គាត់ផងដែរ។ អ្នកទិញផ្កាទៅដាក់តាំងលម្អនៅម្តុំផ្សារដីហុយរូបនេះ បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំនេះ អ្នកនាងទិញផ្កាទៅដាក់តាំងសែនច្រើន បើធៀបទៅនឹងឆ្នាំមុន។

ពាក់ព័ន្ធទៅនឹងប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិន លោកគ្រូចិនសែរដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជា លោក កុក ឡុង បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វ ក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀន បានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀនបានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាបកាប់សម្លាប់ប្រជាជនទៀតទេ។

គ្រាមួយ អ្នកភូមិបានឃើញនៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយអ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហមនៅតាមទ្វារ និងបង្អួចផ្ទះ រៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញនៀនឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមកនៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ។ សត្វនៀនក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។

លោកគ្រូបានបញ្ជាក់ទៀតថា ចំពោះផ្កាអង្គាសិល្ប៍វិញល្អលេខ១ គឺផ្ការីក៣ថ្ងៃ ហើយអង្គាសិល្ប៍នៅឯប្រទេសចិនធ្លាក់ទឹកកករឹតតែរងារ ផ្កាអង្គារសិល្ប៍នេះបែជាកាន់តែរីកលូតលាស់ មិនខ្លាចរងារ អញ្ចឹងមានន័យថា ផ្កានេះគឺតំណាងឲ្យការតស៊ូរ ហើយផ្កាអង្គាសិល្ប៍អាចដាក់តាមលទ្ធភាព១០-២០ដុល្លារក៏បាន មិនចាំបាច់ទាល់តែ២០០ ទៅ៣០០ដុល្លារនោះទេ ជាមួយនឹងការចងអាំងប៉ាវ ដើម្បីតំណាងឲ្យលុយកាក់៕