(ភ្នំពេញ)៖ នៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ មានមនុស្សម្នាជាច្រើន ប្រជាពលរដ្ឋទាំងស្រីប្រុស បាននាំគ្នាសម្រុកទៅទិញទំនិញនានា ដើម្បីត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ ឆ្នាំនេះផងដែរទំនិញមួយចំនួន លក់លើកទីផ្សារហក់ឡើងថ្លៃ បើធៀបនឹងបណ្ដាឆ្នាំកន្លងទៅ។

អ្នកស្រី ឡេង លីជាង អាជីវករលក់ជ្រូកខ្វៃ នៅក្នុងផ្សារអូរឫស្សី បានថ្លែងឲ្យដឹងថា «ក្នុងឆ្នាំនេះមិនសូវសម្បូរអតិថិជនទិញជ្រូកខ្វៃនោះទេ ភាគច្រើនអតិថិជនជាម៉ូយចាស់ៗប៉ុណ្ណោះ ហើយមូលហេតុដែលនាំឲ្យមិនមានអតិថិជន ដោយសារតែឆ្នាំនេះជ្រូកខ្វៃឡើងថ្លៃជាងឆ្នាំមុន ព្រោះមិនសូវមានអ្នកចិញ្ចឹមច្រើន ពិបាកក្នុងការទិញមកលក់បន្ដ»

អ្នកស្រីបានបញ្ជាក់ថា សម្រាប់ជ្រូកខ្វៃមានគីឡូចន្លោះ១៥គីឡូក្រាម គឺតម្លៃ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយជ្រូកតូចតម្លៃ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាម ខុសពីឆ្នាំមុនដែលមានតម្លៃធូរជាងឆ្នាំនេះ។

អ្នកស្រីបន្ដថា ទោះជាយ៉ាងនេះក្ដី ជ្រូកនៅតែអាចលក់បានជាធម្មតា ហើយរំពឹងថាកាន់តែកៀកថ្ងៃចូលឆ្នាំចិននឹងមានអតិថិជន មកជាវកាន់តែច្រើន។

អាជីវករលក់ផ្លែឈើម្នាក់ទៀតនៅផ្សារអូរឫស្សីដែរបានថ្លែងថា «ឆ្នាំនេះផ្លែចេកឡើងថ្លៃច្រើន ជាបណ្ដាឆ្នាំកន្លងទៅ ទិញចូលតម្លៃ៥ម៉ឺនរៀលក្នុងមួយស្ទង ហើយលក់បន្ដបានតែ៥៥០០០រៀលក្នុងមួយស្ទងប៉ុណ្ណោះ តម្លៃខុសពីឆ្នាំមុនដល់ទៅ១ម៉ឺនរៀល។ ចេកឡើងថ្លៃដោយសារឆ្នាំនេះ ចេកមិនសំបូរ ព្រោះអ្នកដាំភាគច្រើន ទម្លាក់ដៃចោលដោយសារជំងឺកូវីដ១៩ មិនសូវដាំច្រើនដូចរាល់ឆ្នាំនោះទេ ជាហេតុធ្វើឲ្យចេកមិនសំបូរ ព្រមទាំងឡើងថ្លៃ»

អ្នកស្រីបានបន្ដថា តម្លៃឡើងថ្លៃហើយលក់មិនសូវដាច់ដូចរាល់ឆ្នាំនោះទេ ដោយសារតែអតិថិជនមិនសូវមកផ្សារ ព្រោះខ្លាចជំងឺកូវីដ១៩ ប៉ុន្ដែរំពឹងថា កៀកថ្ងៃចូលឆ្នាំចិន នឹងមានអតិថិជនសម្រុកមកទិញច្រើន។

អាជីវករលក់ផ្លែឈើក្នុងហាង ចែដា ចែវ៉ាន់ បានថ្លែងថា «ការលក់ផ្លែឈើក្នុងឆ្នាំនេះ ពិបាកលក់ជាងឆ្នាំកន្លងទៅ ដោយសារតែផ្លែឈើឡើងថ្លៃ ហើយតែកាលណាទិញចូលថ្លៃ ចង់ ឬមិនចង់យើងត្រូវលក់ចេញទៅវិញថ្លៃដូចគ្នា ហើយឆ្នាំនេះទៀតសោត អតិថិជនក៏មិនសូវសម្បូរដូចរាល់ឆ្នាំដែរ ភាគច្រើនអតិថិជនមិនហ៊ានមកផ្សារ ព្រោះនៅខ្លាចរអាជំងឺកូវីដ១៩»

អាជីវករលក់សាច់ក្នុងផ្សារអូរឫស្សី បានឲ្យដឹងថា សម្រាប់សាច់ជ្រូក ប៉ុន្ដែប៉ុន្មានថ្ងៃនេះលក់ធម្មតា មិនជាលក់ដាច់ណាស់ណានោះទេ ប៉ុន្ដែសង្ឃឹមថា ប្រជាពលរដ្ឋនឹងអាចមកសម្រុកទិញ នៅកៀកថ្ងៃចូលឆ្នាំចិន ដោយសារតែភាគច្រើនសាច់គេមិនសូវទិញទុកនោះទេ ទល់តែជិតដល់ថ្ងៃបានមានអតិថិជិនទិញ ហើយចំពោះតម្លៃវិញជារឿងធម្មតាទេ ជារៀងរាល់ឆ្នាំឲ្យតែបុណ្យចូលឆ្នាំចិន ឬបុណ្យទានផ្សេងៗឡើងថ្លៃ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយរបស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

បុណ្យចូលឆ្នាំចិន ជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មី របស់ប្រទេសចិន។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។

ឆ្នាំ២០២២នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២៕