(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ ការដឹកជញ្ជូនតាមផ្លូវដែក មានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះ ការដឹកជញ្ជូនទំនិញថយចុះ១០.៥៥% ដែលមានចំនួនជិត១លានតោន ចំណែកបរិមាណដឹកជញ្ជូនអ្នកដំណើរ វិញមានចំនួន ៣ ៦១៤នាក់ ថយចុះ ៨៥.៥៤% បើធៀបកាលពីឆ្នាំ២០២០។

នេះបើយោងតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

លោកបន្តថា ក្រសួងនឹងជំរុញការសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅមានកម្រិត ដោយសារមិនទាន់មានការភ្ជាប់ពីស្ថានីយរថភ្លើងទៅចំណតកុងតឺន័រ។ ចំណែក ល្បឿននៃការរត់របស់រថភ្លើងបច្ចុប្បន្ននេះ ក៏នៅមានកម្រិតដែរ ខណៈដែលតម្លៃដឹកជញ្ជូនតាមផ្លូវដែក និងតាមរថយន្តក៏មានតម្លៃប្រហាក់ប្រហែលគ្នា ដែលធ្វើឱ្យអ្នកដឹកជញ្ជូនជ្រើសរើសការប្រើរថយន្តវិញ។

ប្រសិនបើផ្លួវដែករបស់កម្ពុជា នាពេលខាងមុខអភិវឌ្ឍន៍ទៅជាផ្លូវល្បឿនលឿន និងតភ្ជាប់ពីកន្លែងផលិតទៅដល់កំពង់ផែ នឹងជំរុញឱ្យអ្នកដឹកជញ្ជូនទំនិញងាកមករកផ្លូវដែកវិញ ដើម្បីកាត់បន្ថយថ្លៃចំណាយ និងចំណេញពេលវេលា។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់ផ្លូវដែកយើងត្រូវយកទំនិញ ឬកុងតឺន័រពីរោងចក្រ ឬកន្លែងផលិតយកមកដាក់នៅស្ថានីយរថភ្លើង អីចឹងយើងត្រូវប្រើរថយន្តមួយជើង ហើយពេលទៅក្រុងព្រះសីហនុ យើងត្រូវយករថយន្តមកដឹកកុងតឺន័រនោះពីស្ថានីយទៅកំពង់ផែទៀត ដើម្បីធ្វើបែបបទ ត្រួតពិនិត្យផ្សេងទៀត ប្រើពេលវេលាយូរ»

ពាក់ព័ន្ធនឹងការងារអភិវឌ្ឍផ្លូវដែកនេះ ក្រសួងបាន និងកំពុងរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុចឆ្លងកាត់រវាងផ្លូវដែក និងផ្លូវថ្នល់ កំណត់ព្រំដីស្ថានីយរថភ្លើងជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមខេត្ត ក្រុងបានចំនួន ៣១ស្ថានីយ និងទទួលបានប័ណ្ណកម្មសិទ្ធិ ចំនួន១១ទីតាំង លើដីស្ថានីយរថភ្លើងសរុបចំនួន ៩០ទីតាំង ព្រមទាំងបានបញ្ចប់ការដោះស្រាយវិវាទ កិច្ចសន្យាស្តារឡើងវិញខ្សែផ្លូវដែក ទិសខាងជើងជាមួយក្រុមហ៊ុនចម្រុះបារាំង និងថៃផងដែរ។

បច្ចុប្បន្ននេះដែរ ក្រសួងបាននឹងកំពុងជួសជុល និងថែទាំផ្លូវដែកទាំងពីរទិស ប្រវែងសរុប ៦៤៩ គីឡូម៉ែត្រ ដើម្បីធានានូវសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងរៀបចំផែនការនាំចូល នូវមធ្យោបាយអូសទាញបន្ថែម នូវទូផ្ទុកប្រេងឥន្ធនៈ និងទូលាតផ្ទុកកុងតឺន័រ ក្បាលរថភ្លើង និងបរិក្ខារបម្រើដល់ការអូសទាញតាមផ្លូវដែក ដើម្បីធានាបាននូវបរិមាណដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព តម្លៃសមរម្យ និងទាន់ពេលវេលា ព្រមទាំងរៀបចំផែនការសាងសង់ផ្លូវចៀសចំនួន ១១កន្លែងបន្ថែមទៀត សម្រាប់ខ្សែផ្លូវដែកទាំងពីរទិស ដើម្បីសម្រួលក្នុងការផ្ទេរលើកដាក់ទំនិញ រួមមាន ផ្លូវចៀសខ្សែផ្លូវដែកភាគខាងត្បូងចំនួន៨កន្លែង និងផ្លូវចៀសខ្សែផ្លូវដែកភាគខាងជើងចំនួន៣កន្លែង៕