(តូក្យូ)៖ តម្លៃប្រេងបានឡើងថ្លៃវិញនៅថ្ងៃអង្គារ បន្ទាប់ពីធ្លាក់ថ្លៃកន្លងមក ខណៈដែលការកើនឡើងភាពតានតឹងនៅតំបន់អឺរ៉ុបភាគខាងកើត និងតំបន់មជ្ឈិមបូព៌ាបង្កក្តីបារម្ភអំពីការអាក់ខានការផ្គត់ផ្គង់ប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៦១សេន ឬ ០,៧ភាគរយ ដល់ ៨៦,៨៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១,៨ភាគរយនៅវគ្គជួញដូរកន្លងមក។

ប្រេងឆៅប្រភេទ U.S. West Texas Intermediate (WTI) បានឡើងថ្លៃ ៤៤សេន ឬ ០,៥ភាគរយ ដល់ ៨៣,៧៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ២,២ភាករយនៅថ្ងៃចន្ទ។

តម្លៃប្រេងបានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំនៅសប្តាហ៍មុន ដែលត្រូវបានជំរុញដោយសារបញ្ហាផ្គត់ផ្គង់ពិភពលោកនិងការកើនឡើងតម្រូវការពិភពលោក។

លោក Chiyoki Chen អ្នកវិភាគមួយរូបប្រចាំក្រុមហ៊ុន Sunward Trading បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ទីផ្សារស្ថិតនៅក្នុងស្ថានភាពខ្លាំង ដែលគាំទ្រដោយការកើនឡើងហានិភ័យផ្នែកភូមិសាស្រ្ត»។

លោកមានប្រសាសន៍ថា៖ «យើងមើលឃើញការទទួលបានប្រាក់ចំណេញនៅពេលតម្លៃកាន់តែកើនឡើង ប៉ុន្តែអារម្មណ៍ចង់ទិញប្រេងនៅតែមានខ្លាំង ដោយសារវិនិយោគិនមានក្តីបារម្ភអំពីការអាក់ខានការផ្គត់ផ្គង់ក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន»។

អង្គការណាតូបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនកំពុងដាក់កងកម្លាំងឱ្យឈរជើង និងពង្រឹងនៅតំបន់អឺរ៉ុបភាគខាងកើត ជាមួយនឹងកប៉ាល់ និងយន្តហោះចម្បាំងជាច្រើនថែមទៀត ជាអ្វីដែលប្រទេសរុស្ស៊ីរិះគន់ថាជាការភ័យខ្លាចរបស់ប្រទេសលោកខាងលិចក្នុងការឆ្លើយតបទៅនឹងការបង្កើនចំនួនកងទ័ពរបស់ខ្លួននៅព្រំដែនប្រទេសអ៊ុយក្រែន។

នៅមជ្ឈិបូព៌ាវិញ ក្រុមចលនាហូទីរបស់ប្រទេសយេម៉ែន បានវាយប្រហារប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃចន្ទ ដែលផ្តោតលើមូលដ្ឋានយោធាអាមេរិក។

លោក Satoru Yoshida អ្នកវិភាគផ្នែកទំនិញមួយរូបមកពីក្រុមហ៊ុន Rakuten Securities ថ្លែងថា៖ «ហានិភ័យធ្លាក់ចុះចំពោះទីផ្សារប្រេង នឹងមានកម្រិត ខណៈដែលការកើនឡើងស្ថានភាពតានតឹងនៅអ៊ុយក្រែន ឬមជ្ឈិមបូព៌ា នឹងបង្កឱ្យតម្លៃប្រេងកើនឡើងខ្លាំង»៕