(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគប្រមាណ៣០៣លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតសំបកកង់ យានយន្តគ្រប់ប្រភេទ របស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារ បានចំនួនប្រមាណ១,៦០០កន្លែង។

ជាមួយគ្នានេះ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ លើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក) និងកសិដ្ឋានដំណាំចេក របស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៤៥២កន្លែង៕