(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រសប្តាហ៍នេះបានបញ្ចេញថវិកាចំនួន ១៤ទ្រីលានវ៉ុន (១១,៧៥ប៊ីលានដុល្លារ) បន្ថែមទៀតដើម្បីគាំទ្រដល់អ្នករកស៊ីធ្វើការឱ្យខ្លួនឯង (self-employed) និងអាជីវកម្មធុនតូច ដែលទទួលរងផលប៉ះពាល់ខ្លាំងពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលត្រូវបានអូសបន្លាយពេល។ នេះបើយោងតាមទីភ្នាក់ងារកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា ទឹកប្រាក់ប្រហែល ១១,៥ទ្រីលានវ៉ុននឹងត្រូវបានប្រើប្រាស់ដើម្បីជួយដល់ម្ចាស់អាជីវកម្មធុនតូច និងប៉ះប៉ូវដល់ការខាងបង់ដែលបង្កឡើងដោយការអូសបន្លាយពេលនៃការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

ទឹកប្រាក់ប្រហែល ១,៥ទ្រីលានវ៉ុនត្រូវរក្សាទុកដើម្បីទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួន ៤សែននាក់ និងគ្រែអ្នកជំងឺចំនួន ២៥.០០០ពាន់គ្រែ។

ទឹកប្រាក់ចំនួន ១ទ្រីលានវ៉ុនផ្សេងទៀតនឹងត្រូវប្រើប្រាស់ធ្វើជាប្រាក់បម្រុង ប្រសិនបើវីរុសបំប្លែងថ្មីអូមីក្រុងរីករាលដាលបន្ថែមទៀត និងតម្រូវឱ្យមានការគាំទ្រ។

ដើម្បីផ្តល់ហិរញ្ញវត្ថុដល់កញ្ចប់ថវិកាបន្ថែមទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបោះផ្សាយមូលបត្របំណុលរតនាគាដែលមានតម្លៃ ១១,៣ទ្រីលានវ៉ុន ហើយប្រើប្រាស់ទឹកប្រាក់ ២,៧ទ្រីលានវ៉ុនសម្រាប់ប្រាក់បម្រុងសាធារណៈ។ នេះបើយោងតាមកាសែត Channel News Asia៕