(ភ្នំពេញ)៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់បណ្តុះមូលដ្ឋានគ្រឹះ សម្រាប់ការលើកកម្ពស់នៃការផ្លាស់ប្តូរ និងការចាប់យកឌីជីថលគ្រប់វិស័យ។

ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក៏ដើរតួនាទីសំខាន់មួយផងដែរ ក្នុងការជំរុញដល់ការប្រើប្រាស់គោលការណ៍ទាំងនេះ ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង លោក ហ៊ាង រស្មី អ្នកគ្រប់គ្រងកម្មវិធី នៃបណ្ដាញវិនិយោគិនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយដល់ធុរកិច្ចថ្មី និងចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មី និងសហគ្រិនភាពនៅកម្ពុជា តាមរយៈការតភ្ជាប់ធុរកិច្ចថ្មី ទៅកាន់វិនិយោគិន នៅលើថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា។

ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា ត្រូវបានដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងគោលបំណងចម្បង ក្នុងការជ្រោមជ្រែងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះទៅទៀត ធុរកិច្ចថ្មីថែមទាំងអាចប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា ក៏អនុញ្ញាតឲ្យធុរកិច្ចថ្មី អ្នកតម្រង់ទិស វិនិយោគិន អ្នកបណ្ដុះ និងពន្លឿនអាជីវកម្ម ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងទៀត ធ្វើការចុះឈ្មោះនៅលើវេទិកាឌីជីថលនេះ ដើម្បីពង្រីកឱកាសសម្រាប់កំណើនអាជីវកម្ម និងការប្រស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីមួយនេះ។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា។ ម.ធ.ត.មានកាតព្វកិច្ចរបស់ខ្លួន ក្នុងការពន្លឿនអាជីវកម្មធុរកិច្ចថ្មី ដោយបង្កើនសមត្ថភាពសហគ្រិនភាព និងនវានុវត្តន៍តាមរយៈកម្មវិធី និងសេវាកម្មរបស់មជ្ឈមណ្ឌល។
បណ្ដាញវិនិយោគិនកម្ពុជា គឺជាកម្មវិធីអភិវឌ្ឍន៍វិនិយោគិនដែលអនុញាត្តិឱ្យអ្នកវិនិយោគធ្វើការចូលរួមក្នុងកម្មវិធីអប់រំនិង Gateway ផ្នែកវិនិយោគិន។

កម្មវិធីនេះ ដំណើរការដោយមានការគាំទ្រ ពីសំណាក់សមាគមក្លឹបអ្នកវិនិយោគកម្ពុជា (CiC) ហើយកម្មវិធីសិក្សាមានរយៈពេល៥ខែ ព្រមជាមួយនឹងកាលវិភាគហ្មត់ចត់ និងសកម្មភាពផ្សេងៗ រួមទាំងដំណើរទស្សនៈកិច្ចសិក្សារួមគ្នា ការ Pitch លើការវិនិយោគ ការ Pitch របស់ធុរកិច្ចថ្មី ការវាយតម្លៃអាជីវកម្ម និងការប្រស្រ័យទាក់ទង ជាមួយវិនិយោគិន ក្នុងនិងក្រៅស្រុក។

ភាគីទាំង២ មានបេសកកម្មដែលដើរស្របគ្នា ហើយក៏នឹងមានប្រយោជន៍ផងដែរ បើសិនជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលមានភាពល្អប្រសើរនិងរស់រវើក។
ដោយហេតុនេះហើយ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទ្វេភាគី ក្នុងការគាំទ្រគ្រប់ជ្រុងជ្រោយ នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យសមស្របនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥៕