(បាងកក)៖ គម្រោងពង្រីកព្រលានយន្តហោះសុវណ្ណភូមិតម្លៃ ៧,៨ប៊ីលានបាត (ប្រហែល ២៣៦លានដុល្លារ) រំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំនេះ ដោយមានការដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានឱ្យដឹងថា គម្រោងនេះត្រូវបានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រីថៃ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Airports of Thailand (AoT ) និងគណៈកម្មការទទួលបន្ទុកពង្រឹងសមត្ថភាពព្រលានយន្តហោះសុវណ្ណភូមិរបស់រដ្ឋាភិបាលថៃ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងដែលមានឈ្មោះថា គម្រោងពង្រីកភាគខាងកើត នឹងចំណាយពេល ២ឆ្នាំ ៥ខែ ដើម្បីបញ្ចប់ការសាងសង់។

លោកថ្លែងថា នៅពេលតំបន់ដែលត្រូវបានពង្រីកបើកដំណើរការនៅខែមីនា ឆ្នាំ២០២៥ ព្រលានយន្តហោះសុវណ្ណភូមិនឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៦៥លាននាក់ក្នុងមួយឆ្នាំ ដែលកើនឡើងពី ៤៥លាននាក់ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ពោលគឺមានកំណើន ៤៤% ស្របតាមចំនួនអ្នកដំណើរដែលត្រូវបានព្យាករថានឹងប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិនៅឆ្នាំនោះ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kerati Kijmanawat អនុប្រធានក្រុមហ៊ុន AoT ថា ម្រោងនេះនឹងបង្កើនទំហំ ៦៦.០០០ម៉ែត្រការ៉ែបន្ថែមទៀត ដែលអាចបង្កើនបញ្ជរចុះឈ្មោះអ្នកដំណើរ ១០៨បន្ថែម ខ្សែពានអ៊ីវ៉ាន់ចំនួន៦ និងកន្លែងត្រួតពិនិត្យសន្តិសុខចំនួន៩ ថែមទៀត៕