(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។

ជាក់ស្តែងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុត លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

រាជរដ្ឋាភិបាល បានពង្រឹងលើគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំដៅកសាង បាននូវកម្លាំងពលកម្ម ដែលមានជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងធានាឲ្យបាននូវ «យុវជនម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត»

ជាមួយគ្នានេះដែរ មន្ត្រី និងអ្នកជំនួយល្បីៗនៅកម្ពុជា ក៏បានលើកទឹកចិត្ដឲ្យសិស្សានុសិស្ស ជាពិសេសសិស្ស ដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួច ងាកមកសិក្សាលើជំនាញបច្ចេកទេស ឲ្យបានកាន់តែច្រើន ដែលមានតម្រូវការទីផ្សារ និងសម្រាប់ការវិនិយោគ។

លោក ថង សាម៉ុន ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្រូវការទីផ្សារ ការងារសម្រាប់អ្នករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតែច្រើននៅតែខ្ពស់ ក្នុងពេលបច្ចុប្បន្នទៅអនាគត ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍។

លោកបន្តថា ក្នុង១ឆ្នាំៗកម្ពុជាត្រូវការកម្លាំងពលកម្ម ដែលមានជំនាញវិជ្ជាជីវៈ ប្រមាណជាង ៣សែននាក់ ហើយសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញត្រឹមតែ ៦ម៉ឺននាក់ប៉ុណ្ណោះក្នុង១ឆ្នាំ ដូច្នេះនៅមានការខ្វះខាតច្រើន។

លោក ថង សាម៉ុន បានបន្ថែមថា «ប្រទេសកម្ពុជាយើងកំពុងអភិវឌ្ឍន៍ ហើយមួយវិញទៀត ក៏ត្រូវស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ គឺត្រូវការអ្នកជំនាញច្រើន ដូច្នេះសូមយុវជន ក៏ដូចជាសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ថ្មីៗនេះ មករៀនជំនាញបច្ចេកទេស ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាកម្លាំងជំនាញ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទកូវីដ-១៩។

ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរោងចក្រសហគ្រាស ដែលគេមកវិនិយោគ មានតម្រូវការកម្មករជំនាញយ៉ាងច្រើន ហើយក្នុងច្បាប់វិនិយោគថ្មី មានការលើកទឹកចិត្ដ ដល់អ្នកដែលបង្កើតសាលារៀន និងវគ្គបណ្ដុះបណ្ដាលកម្មករជំនាញផងដែរ»

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងផងដែរថា យុវជន ជាពិសេសសិស្សានុសិស្ស ត្រូវតែចេះចាប់យកជំនាញណាមួយ ឲ្យច្បាស់ក្នុងខ្លួន ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារនាពេលបច្ចុប្បន្ន។

កាលពីពេលកន្លងទៅ អ្នកឧកញ៉ា ពុង ឃាវសែ ដែលគេស្គាល់ថា ជាមហាសេដ្ឋីមានកេរ្ដិ៍ឈ្មោះល្បី ក្នុងវិស័យជំនួញកម្ពុជា ក៏បានលើកឡើងអំពីសារៈសំខាន់ នៃការសិក្សាជំនាញបណ្ដុះបណ្ដាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ បានអះអាងថា ជំនាញបណ្ដុះបណ្ដាញបច្ចេកទេស និងវិជ្ជាជីវៈ មានតម្រូវការខ្ពស់ ដោយមានក្រុមហ៊ុនបរទេសជាច្រើន បានប្រាប់មកលោកថា ពួកគេត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសំបូរនោះឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ទៅថ្ងៃខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនវិនិយោគ ដែលមានជំនាញបច្ចេកទេសខ្ពស់ពីបរទេស មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ហើយបើសិនជាយុវជន ចេះនូវជំនាញបច្ចេកទេសនេះ វាគឺជាឱកាសមួយសម្រាប់យើង។

គូសបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្ដល់អាហារូបករណ៍ប្រមាណជាង២ម៉ឺនកន្លែង ជូនដល់សិស្ស-និស្សិត ចូលរៀនតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ ក្រសួងការងារ បានប្រកាសផ្ដល់អាហារូបករណ៍ ដល់សិស្សចំនួន ២០,១៦៨នាក់ ក្នុងការសិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ, សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា, ឯកទេស, សញ្ញាបត្រវិស្វករ ទៅតាមចំនួនជំនាញ និងមុខរបរផងដែរ៕