(ក្រុងឡុងដ៍)៖ ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា នឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ ខណៈដែលប្រទេសទើបនឹងចាកចេញពីសហភាពអឺរ៉ុបមួយនេះស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនៅក្រៅសហភាពអឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសថា លោក Anne-Marie Trevelyan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសគ្រោងនឹងជួបជាមួយសមភាគីរបស់លោកស្រីគឺលោក Piyush Goyal ក្នុងទីក្រុងញូវដែលី ដើម្បីចាប់ផ្តើមជជែកអំពីកិច្ចព្រមព្រៀងមួយដែលអង់គ្លេសសង្ឃឹមថានឹងជួយបង្កើនពាណិជ្ជកម្មរបស់ខ្លួនទ្វេរដងជាមួយឥណ្ឌានៅឆ្នាំ២០៣០។

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចដែលកំពុងស្ទុះងើបរបស់ឥណ្ឌា ផ្តល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ក្រុមហ៊ុន បុគ្គលិកកម្មករ និងអ្នកប្រើប្រាស់អង់គ្លេស។ យើងកំពុងទាញយកឱកាសដែលផ្តល់ជូននៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើននានារបស់ប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីពង្រឹងតួនាទីរបស់យើងនៅលើឆាកអន្តរជាតិ»

អង់គ្លេសកំពុងព្យាយាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗដើម្បីជួយបំពេញដល់ការធ្លាក់ចុះពាណិជ្ជកម្មខ្លាំងជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនគឺសហភាពអឺរ៉ុប ដោយសារការចាកចេញពីសហភាពនេះ។ អង់គ្លេសបានព្រមព្រៀងរួចហើយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណូវែលសេឡង់ និងអូស្រ្តាលី ប៉ុន្តែឥទ្ធិពលដែលរំពឹងទុកពីកិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានព្យាករថានឹងលុបបាត់ដោយសារផលអវិជ្ជមានពីការចុះខ្សោយពាណិជ្ជកម្មសហភាពអឺរ៉ុប។

សម្រាប់ការចរចាជាមួយឥណ្ឌា ទំហំពាណិជ្ជកម្មសរុបដែលស្ថិតក្នុងហានិភ័យនៅក្នុងកិច្ចព្រមព្រៀងអង់គ្លេស-ឥណ្ឌា ត្រូវបានកាត់បន្ថយដោយពាណិជ្ជកម្មរបស់អង់គ្លេសជាមួយសហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មជាមួយឥណ្ឌាមានប្រហែល ៣ភាគរយនៃពាណិជ្ជកម្មសរុបរបស់អង់គ្លេសជាមួយសហភាពអឺរ៉ុប។

លោក William Bain ប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្មប្រចាំសភាពាណិជ្ជកម្មអង់គ្លេសបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ការចរចាទាំងនេះអាចឈានទៅរកលក្ខខណ្ឌពាណិជ្ជកម្មកាន់តែប្រសើរសម្រាប់ក្រុមហ៊ុននាំចេញរបស់អង់គ្លេស និងការកើនឡើងជាលំដាប់នៃពាណិជ្ជកម្មជាមួយឥណ្ឌាក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ»។ លោកបន្ថែមថា៖ «បើកិច្ចព្រមព្រៀងអាចសម្រេចបានជាមួយឥណ្ឌាស្តីពីការកាត់បន្ថយពន្ធ ការលុបចោលរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មទំនិញនិងសេវាកម្ម និងស្តីពីពាណិជ្ជកម្មឌីជីថល វាមានសក្តានុពលល្អបំផុតជាងកិច្ចព្រមព្រៀងផ្សេងទៀតដែលអង់គ្លេសបានចរចារហូតមកដល់ពេលនេះ»