(បាងកក)៖ កម្រៃទេសចរណ៍ ៤០០បាត (ប្រហែល ៩ដុល្លារ) ដែលនឹងចូលជាធរមានក្នុងខែមេសាខាងមុខនេះ កំពុងទាញប្រតិកម្មចម្រុះពីប្រតិបត្តិករទេសចរណ៍ថៃ ខណៈដែលការស្ទុះងើបទេសចរណ៍ឡើងវិញនៅតែយឺតនិងផុយស្រួយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមន៍សណ្ឋារគារថៃបានថ្លែងថា៖ «បើថៃចង់ស្វាគមន៍ភ្ញៀវទេសចរឱ្យវិលត្រលប់វិញ កម្រៃទេសចរណ៍នេះត្រូវតែផ្អាករហូតទាល់តែយ៉ាងហោចណាស់ដល់ឆ្នាំ២០២៣ ខណៈដែលវិស័យនេះត្រូវកសាងចេញពីក្រោមមកវិញដោយសារវីរុសអូមីក្រុង»។

លោកស្រីថ្លែងថា បើទោះជាបរិមាណទឹកប្រាក់នេះតិចតួចក្តី តែវានឹងមានផលប៉ះពាល់ផ្លូវចិត្តលើភ្ញៀវទេសចរ ជាពិសេសអ្នកដែលធ្វើដំណើរជាក្រុម និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនញឹកញាប់ដើម្បីមកលេងប្រទេសថៃ។

លោកស្រី Marisa ថ្លែងថា គំនិតប្រើប្រាស់ទឹកប្រាក់នេះសម្រាប់ការធានារ៉ាប់រងភ្ញៀវទេសចរ និងអភិវឌ្ឍទីតាំងទេសចរណ៍ពិតជាមានតម្លៃណាស់ ប៉ុន្តែពេលវេលាមិនអំណោយផលទេ ដោយសារប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរក្នុងគ្រាដែលមានការប្រកួតប្រជែងខ្លាំង។

លោក Sisdivachr Cheewarattanaporn ប្រធានភ្នាក់ងារធ្វើដំណើរថៃ (TTA) បានថ្លែងថា ប្រាក់កម្រៃទេសចរណ៍ថ្មីនេះនឹងធ្វើឱ្យធ្លាក់ចុះទំនុកចិត្តធ្វើដំណើរបន្ទាប់ពីមានការផ្អាកកម្មវិធី Test & Go និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែលកំពុងធ្វើឡើងរបស់ថៃ។

លោកថ្លែងថា ពេលវេលាសមស្របខ្លាំងក្នុងការអនុវត្តការយកប្រាក់កម្រៃទេសចរណ៍នេះនឹងនៅពេលដែលវិស័យទេសចរណ៍ថៃវិលត្រលប់មករកកម្រិតឆ្នាំ២០១៩វិញ បន្ទាប់ពីភ្ញៀវទេសចរចិនចាប់ផ្តើមវិលត្រលប់មកទស្សនាប្រទេសថៃវិញ និងការធ្វើដំណើរពិភពលោកដំណើរការឡើងវិញសមស្រប។

លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានថ្លែងថា លោកឯកភាពជាមួយនឹងផែនការប្រើប្រាស់ទឹកប្រាក់បានពីកម្រៃទេសចរណ៍នេះដើម្បីអភិវឌ្ឍផ្នែកផ្គត់ផ្គង់របស់ឧស្សាហកម្មទេសរចណ៍នេះ។ តែក្រុមប្រឹក្សារបស់លោកចង់ឃើញភាពច្បាស់លាស់ជាងនេះទាក់ទងនឹងយន្តការផ្តល់មូលនិធិ។

ការរាតត្បាតវីរុសអូមីក្រុងបានបង្ខំឱ្យរដ្ឋាភិបាលពន្យាពេលប្រមូលប្រាក់កម្រៃទេសចរណ៍នេះដល់ខែមេសា ដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅដើមខែនេះ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការប្រមូលប្រាក់កម្រៃទេសចរណ៍នេះត្រូវបានពន្យាពេលដោយសារឧស្សាហកម្មទេសចរណ៍នៅមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ ខណៈដែលវីរុសអូមីក្រុងត្រូវបានរំពឹងថានឹងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងស្រុក និងសេដ្ឋកិច្ចជារួមនៅត្រីមាសទី១ឆ្នាំនេះ។

លោកថ្លែងថា ប្រាក់កម្រៃថ្មីនេះនឹងត្រូវប្រមូលពីជនបរទេសដែលចូលក្នុងប្រទេសថៃដោយផ្លូវអាកាស ដីគោក និងសមុទ្រ៕