(បាងកក)៖ ទេសាភិបាលធនាគារកណ្តាលថៃបានឱ្យដឹងថា ធនាគារកណ្តាលមានក្តីបារម្ភចំពោះការកើនឡើងការចំណាយលើជីវភាពរស់នៅ ខណៈដែលស្ថិរភាពតម្លៃជារួមនៅមិនទាន់ជាបញ្ហានៅឡើយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាលថៃបានថ្លែងថា ធនាគារកណ្តាលជឿថា កំណើនតម្លៃនានានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេចំពោះម៉ាក្រូសេដ្ឋកិច្ច ហើយយអតិផរណារួម (headline inflation) នឹងនៅតែស្ថិតក្នុងទិសដៅរបស់ធនាគារកណ្តាលនៅឡើយ។

លោកបន្ថែមថា ប៉ុន្តែការកើនឡើងតម្លៃថាមពល និងតម្លៃអាហារអាចធ្វើឱ្យការចំណាយលើជីវភាពរស់នៅកើនឡើងក្នុងគ្រាដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពថមថយ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ធនាគារកណ្តាលថៃបានព្យាករថា អត្រាផរណារួមនឹងស្ថិតនៅក្រោមអត្រាទិសដៅរបស់ធនាគារកណ្តាលដែលមាន ១,២ភាគរយសម្រាប់ឆ្នាំ២០២១ អត្រា ១,៧ភាគរយ ក្នុងឆ្នាំ២០២២ និង ១,៤ភាគរយក្នុងឆ្នាំ២០២៣។

លោក Sethaput បានថ្លែងថា ការចំណាយលើជីវភាពរស់នៅកាន់តែខ្ពស់អាចជះឥទ្ធិពលលើប្រជាជនមានប្រាក់ចំណូលទាប ជាពិសេសអ្នកដែលស្ថិតនៅក្នុងវិស័យទេសចរណ៍ និងវិស័យលក់រាយ។

លោកបន្ថែមថា ឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវទេក្នុងការដំឡើងប្រាក់ឈ្នួល ពីព្រោះទីផ្សារការងារនៅផុយស្រួយនៅឡើយ បើទោះជាមានការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាជន និងការកើនឡើងការចំណាយលើជីវភាពរស់នៅក៏ដោយ។ លោក Sethaput បន្តថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាអាចប៉ះពល់ដល់ចក្ខុវិស័យការងារ៕