(ម៉ុងរ៉េអាល់)៖ ការរកឃើញករណីជំងឺគោឆ្កួតនៅប្រទេសកាណាដា បានជំរុញឱ្យប្រទេសអាស៊ីមួយចំនួនផ្អាកការនាំចូលសាច់គោរបស់កាណាដា ពោលគឺជាវិធានការមួយដែលអាចរារាំងបន្ថែមទៀតដល់ពាណិជ្ជកម្មសាច់ពិភពលោកដែលរងគ្រោះរួចហើយដោយសារការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសចិន កូរ៉េខាងត្បូង និងហ្វីលីពីនបានផ្អាកនាំចូលបណ្តោះអាសន្ននូវសាច់គោមកពីប្រទេសកាណាដា ជាទីដែលករណីជំងឺគោឆ្កួត (BSE) មិនប្រក្រតីមួយត្រូវបានរកឃើញ។

ទីភ្នាក់ងារអធិរកិច្ចអាហារកាណាដាបានឱ្យដឹងនៅថ្ងៃអង្គារថា ករណីជំងឺគោឆ្កួតមិនប្រក្រតីគឺជាករណីកម្រ ហើយកើតឡើងដោយឯកឯង ដែលផ្ទុយពីករណីជំងឺគោឆ្កួតធម្មតាដែលបង្កឡើងដោយសារការស៊ីចំណីដែលមានផ្ទុកមេរោគ។ គោដែលកើតជំងឺនេះត្រូវបានសម្លាប់នៅកសិដ្ឋានដើម្បីបញ្ចៀសកុំឱ្យសត្វមានការឈឺចាប់យូរ ហើយមិនយកសាច់មកធ្វើជាអាហារមនុស្ស ឬអាហារសត្វឡើយ។

លោក Dennis Laycraft អនុប្រធានប្រតិបត្តិសមាគមគោកាណាដាបានថ្លែងថា៖ «ការផ្អាកនាំចូលដោយសារជំងឺខុសប្រក្រតីនេះ គួរត្រូវបានលុបចោលវិញភ្លាមៗ»។ លោកបានបន្ថែមថា លើសពីនេះទៀត ប្រទេសទាំងនោះនាំចូលចំណែកសាច់គោរបស់កាណាដាតិចតួចប៉ុណ្ណោះ។ សាច់គោកាណាដាជាង ៩០ភាគរយត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បើទោះជាប្រទេសចិន កូរ៉េខាងត្បូង និងហ្វីលីពីន «គឺជាទីផ្សារដែលកំពុងរីកចម្រើនសម្រាប់យើងក្តី»។

កាលពីខែវិច្ឆិកា ឆ្នាំមុន ប្រទេសប្រេស៊ីលបានផ្អាកនាំចេញសាច់គោទៅកាន់ប្រទេសចិន ដោយសារមានសេចក្តីរាយការណ៍អំពីករណីជំងឺគោឆ្កួតខុសប្រក្រតី។ ការផ្អាកនាំចេញនេះត្រូវបានធ្វើឡើងសម្រាប់ជាផ្នែកមួយនៃពិធីការសុខាភិបាលរវាងប្រទេសទាំងពីរ។ ប្រទេសចិនបានលុបចោលការហាមឃាត់នេះបីខែក្រោយមក។ នេះបើយោងតាម Bloomberg៕