(បាងកក)៖ ប្រទេសថៃសម្លឹងឆ្ពោះទៅរកការចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការឡូជីស្ទិកនិងដឹកជញ្ជូនទំនិញកាន់តែជិតស្និទតាមរយៈគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើនការនាំចេញផ្លែឈើស្រស់របស់ថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ថ្លែងបន្ទាប់ទស្សនកិច្ចទីតាំងត្រួតពិនិត្យគយថៃនៅចំណុចស្ពានមិត្តភាពថៃ-ឡាវក្នុងខេត្តណងខៃ និងក្រោយជំនួបជាមួយវិស័យឯកជននៅខេត្តស្ថិតនៅភាគឦសាន និងអ្នកតំណាងមកពីសភាពាណិជ្ជកម្មថៃនៅថ្ងៃចន្ទ លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានថ្លែងថា ប្រសិនបើសម្រេចបានមែននោះ កិច្ចសហប្រតិបត្តិការឡូជីស្ទិក និងដឹកញ្ជូនទំនិញនេះនឹងជួយបង្កើនពាណិជ្ជកម្មឆ្លងព្រំដែនជារួមរវាងប្រទេសថៃ និងឡាវ ក៏ដូចជាប្រទេសចិនដែរ។

លោក Jurin បានថ្លែងថា ក្រសួងពាណិជ្ជកម្មថៃបាននិងកំពុងធ្វើការងារលើ «យុទ្ធសាស្រ្តពាណិជ្ជកម្មព្រំដែន» ដើម្បីដោះស្រាយឥទ្ធិពលនៃគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលបានបើកដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ និងស្វែងរកវិធីនានាដើម្បីបង្កើនការនាំចេញ និងពាណិជ្ជកម្មឆ្លងព្រំដែនរបស់ប្រទេសថៃ។

កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មឆ្លងព្រំដែនថៃ-ឡាវសរុបមានជិត ២០០ប៊ីលានបាត (ប្រហែល ៦ប៊ីលានដុល្លារអាមេរិក) កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមទំហំសរុបនេះ ការនាំចេញពីប្រទេសថៃមានចំនួន ១១២,៤៣៧ប៊ីលានបាត កើនឡើង ២០,១៣ភាគរយធឿបនឹងឆ្នាំ២០២០ ដែលជួយឱ្យមានអតិរេក (ផលលើស) ពាណិជ្ជកម្មចំនួន ៣១ប៊ីលានបាត។

លោក Jurin ក៏បានប្តេជ្ញាថានឹងប្រើប្រាស់ឱ្យបានប្រសើរបំផុតនូវរថភ្លើងល្បឿនលឿនឡាវ-ចិនដើម្បីដឹកជញ្ជូនផលិតផលបន្ថែមទៀត។

បច្ចុប្បន្ន ប្រទេសចិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនតែទំនិញពាក់ព័ន្ធនឹងរ៉ែដែក កៅស៊ូ និងដំឡូងមីប៉ុណ្ណោះតាមរយៈរថភ្លើងល្បឿនលឿននេះ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យើចង់ចរចាជាមួយរដ្ឋាភិបាលចិនដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនផ្លែឈើថៃនៅក្នុងរដូវប្រមូលផលខាងមុខចន្លោះពីខែមីនា ដល់ខែឧសភាឆ្នាំនេះ»

កាលពីចុងខែមុន រដ្ឋាភិបាលថៃបានបង្កើតក្រុមការងារមួយ ដែលត្រូវបានស្នើឡើងដោយក្រសួងដឹកជញ្ជូនថៃ ដើម្បីសម្របសម្រួលឱ្យកាន់តែប្រសើរជាមួយអាជ្ញាធរដឹកជញ្ជូនក្នុងប្រទេសឡាវ លើផែនការសាងសង់ផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរនេះ។ កំណាត់ផ្លូវដែកក្នុងប្រទេសថៃនេះគឺជាការតភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ថៃជាមួយផ្លូវរថភ្លើងឡាវ-ចិន ដែលតភ្ជាប់ទីក្រុងគន់មីង ខេត្តយូណាន ប្រទេសចិន និងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕