(ប៉េកាំង)៖ ប្រទេសចិនបានបង្កើនការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡាក្នុងឆ្នាំ២០២១ ដោយបានទិញច្រើនបំផុតពីប្រទេសទាំងពីរនេះក្នុងរយៈពេល ៣ឆ្នាំ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងមិនអើពើនឹងហានិភ័យនៃការដាក់ពិន័យចំពោះការទិញប្រេងតម្លៃថោកពីប្រទេសរងទណ្ឌកម្មរបស់អាមេរិកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនស៊ើបអង្កេតទីផ្សារ Kpler ថា ក្រុមហ៊ុនកែច្នៃប្រេងឆៅនៅចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតក្នុងពិភពលោក ត្រូវបានសង្កេតឃើញថាបានទិញប្រេងឆៅ ៣២៤លានបារ៉ែលពីប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡាក្នុងឆ្នាំ២០២១។ ចំនួននេះបានកើនឡើងប្រហែល ៥៣ភាគរយធៀបនឹងឆ្នាំ២០២០ និងជាបរិមាណនាំចូលច្រើនបំផុតគិតចាប់ពីឆ្នាំ២០១៨ នៅពេលដែលចិនបាននាំចូលប្រេងឆៅចំនួន ៣៥២លានបារ៉ែលពីប្រទេសទាំងពីរនេះ។

អតិថិជនរបស់ប្រទេសចិន ជាពិសេសក្រុមហ៊ុនចម្រាញ់ប្រេងឯកជន បានទទួលអត្ថប្រយោជន៍ពីការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ដោយបន្តទិញប្រេងរបស់ប្រទេសទាំងពីរនេះបន្ទាប់ពីអតិថិជនមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីកាត់បន្ថយការទិញ។ ហានិភ័យគឺថា ក្រុមហ៊ុនមិនមែនអាមេរិកអាចបាត់បង់លទ្ធភាពទទួលបានការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ឬទទូលរងការបង្កទ្រព្យសម្បត្តិនៅអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវបានរកឃើញថារំលោភការដាក់ទណ្ឌកម្ម ប៉ុន្តែក្រុមហ៊ុនចម្រាញ់ប្រេងចិនទាំងនេះមិនបារម្ភពីហានិភ័យនេះឡើយ។

បរិមាណទំនិញដែលលក់មិនចេញដ៏ច្រើន ការកើនឡើងតម្លៃអន្តរជាតិ និងការចេញកូតានាំចូលប្រេងឆៅកាន់តែច្រើនដោយទីក្រុងប៉េកាំង បានលើកទឹកចិត្តដល់ក្រុមហ៊ុនចម្រាញ់ប្រេងទាំងនេះឱ្យទិញប្រេងកាន់តែច្រើនថែមទៀតពីប្រទេសទាំងពីរនេះ។ ការនាំចូលនេះជាធម្មតាមិនបានបង្ហាញនៅក្នុងទិន្នន័យគយផ្លូវការឡើយ។

លោក Anoop Singh ប្រធានផ្នែកស្រាវជ្រាវកប៉ាល់ដឹកប្រេងប្រចាំក្រុមហ៊ុន Braemar ACM Shipbroking Pte Ltd បានថ្លែង៖ «ការកើនឡើងនេះត្រូវបានជំរុញដោយសារការកើនឡើងតម្លៃប្រេងឆៅ ដែលធ្វើឱ្យប្រេងអ៊ីរ៉ង់ចុះថោករហូតដល់ទៅ ១០% នៅពេលលក់ទៅឱ្យប្រទេសចិន»។ លោកបន្ថែមថា សហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយការអនុវត្តការដាក់ទណ្ឌកម្មផងដែរ ខណៈដែលប្រទេសមហាអំណាចនេះព្យាយាមសម្រេចបានកិច្ចព្រមព្រៀងនុយក្លែអ៊ែរជាមួយអ៊ីរ៉ង់។

យោងតាមលោក Singh បានឱ្យដឹងថា ប្រេងឆៅដែលរងទណ្ឌកម្មជាធម្មតាត្រូវបានដឹកញ្ជូនតាមកប៉ាល់ចាស់ៗ ដែលនឹងចូលចតនៅកំពង់ផែសម្រាប់កប៉ាល់ដឹកអេតចាយដែលធ្វើឱ្យការចំណាយទាប៕