(ភ្នំពេញ)៖ រយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានសម្រេចការនាំចេញទំនិញ (ដកមាស) ក្នុងទំហំទឹកប្រាក់ចំនួន ១៥ ៦១៣លានដុល្លារ កើនឡើង២២.៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា មានការកើនឡើង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដោយសារកំណើននាំចេញ ផលិតផលវាយនភណ្ឌ, កង់ និងទំនិញផ្សេងៗ។

ទំនិញផ្សេងៗទាំងនោះ រួមមាន៖ គ្រឿងសង្ហារឹម, ស្បែកសត្វមានរោម (furskins), កៅស៊ូ ក្តារកុងប្លាកេ, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, ខ្សែភ្លើងនិងបុំខ្សែភ្លើង, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ចេក, ស្ករស, កសិផលផ្សេងៗ, ដំឡូងមី និង ស្វាយ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា ចំពោះការនាំចូលវិញ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ ២០ ៤០០លានដុល្លារ កើនឡើង ២៥.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូល ក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ទនៈ និង ទំនិញផ្សេងៗ។

បើតាមរបាយការណ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២១, សេដ្ឋកិច្ចប្រទេសកម្ពុជា បានបង្ហាញពីភាពប្រសើរឡើងវិញបន្តិចម្តងៗ ប៉ុន្តែពុំទាន់អាចវិលមករកភាពប្រក្រតីភាព ដូចកាលមុនមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅឡើយទេ។

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនវិជ្ជមាន ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល, សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, និងការចូលរួមពីប្រជាជនកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ និងគោរពតាមគោលការណ៍ ៣កុំ ៣ការពារ៕