(ភ្នំពេញ)៖ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន នឹងសម្រេចតាមផែនការ ដោយនឹងនាំចេញក្នុងឆ្នាំ២០២២នេះ ទោះបីជាគម្រោងចរចាររវាងកម្ពុជា និងអាជ្ញាធរចិនតាមប្រព័ន្ធវីដេអូ ដែលគ្រោងរៀបចំនៅចុងខែមករា ឆ្នាំ២០២២នេះ ត្រូវបានលើកពេលក្ដី។

តាមលោក អ៊ឹង ទ្រី បានអះអាងថា ការលើកពេលប្រជុំចរចារវាងកម្ពុជា-ចិន ដោយសារតែនៅចុងខែមករាខាងភាគីចិន កំពុងជាប់រវល់ត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំចិន ដែលប្រព្រឹត្តឡើងនៅខែកុម្ភៈ ដូច្នេះការរចរចាអាចនឹងត្រូវពន្យារពេល ដល់ខែមេសា ឆ្នាំ២០២២ខាងមុខ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោក អ៊ឹង ទ្រី បានបញ្ជាក់ថា តាមផែនការរបស់កម្ពុជា នឹងកោះហៅភាគីចិនមកចរចាពីនីតិវិធី និងឯកសារពាក់ព័ន្ធនានា ដើម្បីនាំចេញត្រីប្រា។ តាមផែនការកិច្ចប្រជុំ នឹងរៀបចំនៅចុងខែមករានេះ ប៉ុន្ដែយើងកំពុងជួបបញ្ហាប្រឈមដោយសារខាងភាគីចិន មិនទាន់បានឆ្លើយតបនៅឡើយ។ ការមិនទាន់ឆ្លើយតបដោយសារតែកិច្ចប្រជុំ គឺគម្រោងរៀបចំក្នុងខែមករាហើយ ខែមករានេះជាខែដែលខាងភាគីចិនកំពុងមមាញឹក ក្នុងការរៀបចំពិធីចូលឆ្នាំចិន ប៉ុន្ដែយើងសង្ឃឹមថា កិច្ចការនេះនឹងរួចរាល់ចប់សព្វគ្រប់ នៅខែមេសាខាងមុខ។

លោកបានបញ្ជាក់ថា «ទោះជាយ៉ាងនេះ ក្ដីកម្ពុជានៅតែសង្ឃឹមថា ត្រីប្រានឹងសម្រេចការនាំចេញទៅប្រទេសចិន តាមផែនការ ក្នុងឆ្នាំ២០២២នេះ ប៉ុន្ដែមិនទាន់អាចកំណត់បានថា នឹងនាំចេញនៅក្នុងខែណានោះឡើយ។ ចំពោះការព្យាករណ៍ថា នឹងសម្រេចតាមផែនការនាំចេញនេះ ដោយសារនិតីវិធីមួយចំនួន ត្រូវបានកំណត់រួចរាល់ ដូច្នេះបានជាត្រូវរៀបចំកិច្ចប្រជុំក្នុងខែមករានេះ សម្រាប់ព័ត៌មានផ្សេងៗទៀត»

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខា ដូច្នេះការនាំចេញត្រីប្រា នឹងអាចនាំចេញក្នុងពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងថា ការពន្លឿននៃការនាំចេញផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញ ពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងឃើញវត្តមាន ម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន ហើយសម្តេចតេជោ បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់អ្នកចិញ្ចឹមត្រីប្រា៕