(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា សន្ទុះអ្នកដំណើរចេញ-ចូលកម្ពុជា តាមផ្លូវអាកាស មានការកើនឡើងមួយកម្រិត ដោយមានភ្ញៀវចន្លោះ ៧៥០-១០០០នាក់ក្នុងមួយថ្ងៃ ក្រោយរាជរដ្ឋាភិបាល មិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានបើកពេញលេញឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មក ឃើញថា មានការកើនឡើងមួយកម្រិត ដោយភ្ញៀវធ្លាប់ធ្វើដំណើរ២០០-៣០០នាក់ក្នុងមួយថ្ងៃ ឡើងមក ៧៥០-១០០០នាក់ ក្នុងមួយថ្ងៃ នៅតាមព្រលានយន្តហោះទាំងបីរបស់កម្ពុជា ដែលជាចំនួនមួយថេរ»

លោកក៏បានឲ្យដឹងផងដែរថា សន្ទុះអ្នកដំណើរចេញ-ចូលកម្ពុជា តាមផ្លូវអាកាស នាចុងខែធ្នូ ឆ្នាំ២០២១ មានការចុះបន្ដិចវិញ ដោយសារខាងប្រទេសថៃ រឹតបន្ដឹងវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

លោកបន្តថា «យើងមានការបារម្ភ ប្រសិនបើវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ផ្ទុះខ្លាំងនៅប្រទេសជិតខាងយើង ពួកគេនឹងការរឹតត្បឹតការហោះហើរ ដែលអាចនឹងធ្វើឲ្យចំនួនអ្នកដំណើរស្រកចុះផងដែរ»

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ដល់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ កាលពីពិភពលោក មិនទាន់រងការវាយប្រហារដោយជំងឺកូវីដ១៩ ក្នុងមួយថ្ងៃៗ កម្ពុជាមានជើងហោះហើរប្រមាណ ជាង៣០០ជើង ឬ១ម៉ឺនជើងក្នុង១ខែ៕