(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសជួយសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

ជុំវិញគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង រវាងរាជធានីភ្នំពេញទៅតំបន់អារិយក្សត្រនេះ ត្រូវបានអ្នកជំនាញលើវិស័យអចលនវត្ថុបង្ហាញ ពីសក្ដានុពលនៃការកើនឡើងតម្លៃរបស់អចលនទ្រព្យ នៅតំបន់នោះ។

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អរិយក្សត្រ ដូច្នេះនៅពេលមានការអភវិឌ្ឍន៍សាងសង់ស្ពាននេះឡើង នោះវិស័យដីធ្លីនឹងហក់ឡើងថ្លៃថែមមួយកម្រិត។ ការហក់ឡើងថ្លៃនេះក៏អាស្រ័យលើតំបន់ ប្រសិនតំបន់ដីជាប់ផ្លូវធំតម្លៃដីក៏ហក់ឡើងខ្លាំង ប៉ុន្ដែទោះជាយ៉ាងនេះក្ដីចំពោះតម្លៃ ក៏មិនហក់ឡើងខ្លាំងណាស់ណានោះទេ ដោយសារតែតំបន់អរិយក្សត្រនេះ តម្លៃដី គឺស្ថិតក្នុងតម្លៃមួយដែលថ្លៃល្មមដែរហើយ។

ឧកញ៉ាបញ្ជាក់ថា «តំបន់អរិយក្សត្រជាតំបន់មានសក្ដានុពលខ្លាំងលើវិស័យដីធ្លី ដោយសារតែតំបន់ស្របនឹងទីក្រុងភ្នំពេញ, ស្របនឹងទន្លេបួនមុខ ហើយក៏ស្របនឹងមុខវាំង ដែលជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាចទាក់ទាញបានទាំងភ្ញៀវជាតិ និងអន្ដរជាតិ ព្រោះថាមានទន្លេបួនមុខ, ស្ថិតនៅចំចំណុចកណ្ដាលនៃមុខវាំង ហើយជាចំណុចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ»

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានថ្លែងថា ដំណឹងនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ គឺជាសញ្ញាបង្ហាញពីសក្ដានុពលនៃតំបន់នោះឡើងវិញ បន្ទាប់ពីខកខានប្រមាណជា២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ បន្ទាប់ពីមានគម្រោងនេះតម្លៃអចលនទ្រព្យ ក្នុងតំបន់អរិយក្សត្រ មិនហក់ឡើងខ្លាំងបន្ថែមទៀតទេ ដោយសារតែ៣ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីបានឡើងថ្លៃរួចទៅហើយ ប៉ុន្ដែគម្រោងនេះ បានជួយឲ្យតម្លៃដីធ្លីមានភាពល្អប្រសើរ ដោយរក្សាបានតម្លៃយ៉ាងល្អ មានន័យថា មិនឡើងតាមមាត់ និងមិនចុះតាមមាត់។

ឧកញ៉ាបន្ថែមថា «តំបន់អរិយក្សត្រជាតំបន់ដ៏ល្អ ដោយដីមានទំហំធំ និងជាតំបន់អាចសាងសង់លំនៅដ្ឋាន តម្លៃក្រោមមធ្យមបាន។ ចំពោះគម្រោងសាងសង់ស្ពាននេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសម្រុក ទៅទិញអចលនទ្រព្យ ក្នុងតំបន់នោះបន្ថែមទៀត លើសពីនេះនឹងជួយឲ្យគម្រោងនានា ដែលបានរាំងស្ទះប្រមាណ២ឆ្នាំមកនេះ ចាប់ផ្ដើមសកម្មភាពឡើងវិញ ជាក់ស្ដែងបច្ចុប្បន្នតំបន់អរិយក្សត្រ មានការសាងសង់បុរីជាច្រើន»

ឧកញ៉ាបានបង្ហាញពីភាពវិជ្ជមានថា បន្ទាប់ពីមានស្ពាននឹងមានការអភិវឌ្ឍន៍ជាច្រើនដូចជា ការអភិវឌ្ឍន៍ខុនដូ, ការអភិវឌ្ឍន៍រោងចក្រ និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដោយគម្រោងនេះនឹងចាប់ផ្ដើមឡើងក្នុងឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕