(ភ្នំពេញ)៖ នៅឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយជាង៦៦ម៉ឺនតោន ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញផ្លែចេកកើនឡើងចំនួន២៧.០២ភាគរយ និងការនាំចេញផ្លែស្វាយកើនឡើងចំនួន ១៤៨.៣៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម។

របាយការណ៍បញ្ជាក់ថា ផ្លែចេកស្រស់ត្រូវបាននាំចេញមានចំនួន ៤២៣ ១៦៨.៩៧តោនកើនឡើង២៧.០២ភាគរយ ដោយក្នុងនោះបាននាំទៅកាន់ប្រទេសចិនចំនួន ៣៧៦ ៩៦១.៦០តោន នាំចេញទៅកាន់ប្រទេសវៀតណាមចំនួន ៤៥ ១៩៣.៣៧តោន នាំចេញទៅប្រទេសជប៉ុនចំនួន ៥៣៣.៥២តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០.៤៨តោន។

ចំណែកផ្លែស្វាយស្រស់ដែលត្រូវបាននាំចេញមានចំនួន ២៤២ ៤៨៣.៧៦តោន កើនឡើង១៤៨.៣៨ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន១៩៩ ០៧៧.៣៨តោន, ប្រទេសថៃចំនួន ៣៨ ៤១៩.២៨តោន, ប្រទេសចិនចំនួន ៤៧៧១តោន ប្រទេសកូរ៉េចំនួន ១៤៩.១១តោន, ទីក្រុងហុងកុងចំនួន ៥០.៧៨តោន និងប្រទេសសិង្ហបុរីចំនួន ១៦.២០តោន។

ឧកញ៉ា ហ៊ុន ឡាក់ ដែលវិនិយោគដំណាំស្វាយ និងចេក បានថ្លែងឲ្យដឹងថា កំណើននៃការផ្លែចេក និងស្វាយ ពេញមួយឆ្នាំ២០២១ ពិតជាមានកំណើនល្អប្រសើរ។

លោកថា កំណើនល្អប្រសើរនៃដំណាំចេក គឺដោយសារតែដំណាំចេក ជាដំណាំដែលប្រមូលផលវិលជុំ ពោលចាប់ពីដើមឆ្នាំដល់ចុងឆ្នាំ និងនាំចេញ ជារៀងរាលសប្ដាហ៍ ខុសពីការនាំចេញផ្លែស្វាយ។ ចំពោះកំណើនដ៏ល្អនៃការនាំចេញនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុននាំចេញ និងអ្នកដំាដំណាំ។

លោកបន្ថែមថា ដើមឆ្នាំ២០២២នេះ ដំណាំចេក និងដំណាំស្វាយ នឹងមានកំណើនល្អប្រសើរ ដោយសារតែដំណាំទាំងពីរ បានចូលដល់រដូវប្រមូលផល កត្តាមួយទៀត គឺកម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ ដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ទីផ្សារគោលដៅពិសេសទីផ្សារប្រទេសចិន។

ឧកញ៉ាបញ្ជាក់ថា «ចាប់ពីដើមសប្ដាហ៍ខែមករា ឆ្នាំ២០២២ នឹងមានការបញ្ជាទិញកើនឡើងច្រើន ជាមួយតម្លៃល្អប្រសើរ ខណៈរដូវប្រមូលផលផ្លែស្វាយ បានឈានមកដល់ហើយ តម្រូវការនៃការបញ្ជាទិញក៏ខ្ពស់។ ទោះជាយ៉ាងនេះក្ដីយើង នៅតែមានការព្រួយបារម្ភ ចំពោះបញ្ហានៃការខ្វះទូរកុងតឺន័រ ពិសេសទូរកុតឺន័រត្រជាក់ ដោយសារតែផ្លែស្វាយ ត្រូវការប្រើប្រាស់នូវទូរកុងតឺន័រត្រជាក់ ដើម្បីដឹកផ្លែឈើស្រស់ក្នុងការនាំចេញ»

លោកបន្ថែមថា ប្រសិនបើដោះស្រាយបញ្ហានៃទូរកុងតឺន័រនេះបានបូករួមជាមួយការមិនមានភាពរអាករអួលនៃកំពង់ផែ ដែលនាំចេញផ្លែចេក និងផ្លែស្វាយទេនោះ អាចសនិដ្ឋានបានថា ឆមាសទី១ ឆ្នាំ២០២២ ការនាំចេញនឹងមានកំណើនខ្ពស់៕