(ក្រុងឡុងដ៏)៖ ក្រុមប្រទេសផលិតប្រេងធំៗហៅថា OPEC+ នឹងទំនងជារក្សាផែនការដំឡើងទិន្នផលប្រេងរបស់ខ្លួននៅដដែលសម្រាប់ខែកុម្ភៈ នៅពេលប្រទេសទាំងនេះជួបប្រជុំនៅថ្ងៃអង្គារនេះ ដោយសារប្រទេសផលិតប្រេងទាំងនេះរំពឹងថានឹងមានផលប៉ះពាល់លើតម្រូវការរយៈពេលខ្លីប៉ុណ្ណោះពីវីរុសអូមីក្រុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

OPEC+ ដែលក្រុមប្រទេសផលិតប្រេងមកពីអង្គការ OPEC និងប្រទេសជាសម្ព័ន្ធមិត្តរបស់អង្គការនេះរួមទាំងប្រទេសរុស្ស៊ីដែរនោះ បានបង្កើនទិសដៅទិន្នផលប្រេងប្រចាំខែរបស់គាត់ចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃគិតចាប់ពីខែសីហា ឆ្នាំ២០២១មក។

កាលពីខែឧសភា ឆ្នាំ២០២០ OPEC+ បានព្រមព្រៀងគ្នាកាត់បន្ថយផលិតកម្មប្រេង ១០លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីជួយទីផ្សារប្រេង បន្ទាប់ពីការរាតត្បាតជំងឺកូវីដបានកាត់បន្ថយតម្រូវការប្រេង ហើយព្រមព្រៀងដំឡើងទិន្នផលវិញតាមដំណាក់កាល។

ផែនការបច្ចុប្បនេះនឹងមើលឃើញថា ក្រុមប្រទេសនេះនឹងបង្កើនទិសដៅចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកុម្ភៈ ដោយធ្វើឱ្យការកាត់បន្ថយទិន្នផលប្រេងនេះនៅសល់ត្រឹម ៣លានបារ៉ែលក្នុងមួយថ្ងៃគិតត្រឹមខែកញ្ញា បើយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាននៅខែកក្កដា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចេកទេសមួយថា OPEC+ បាននិយាយសម្រាលពីផលប៉ះពាល់ទៅលើតម្រូវការប្រេងដោយសារវីរុសប្រភេទថ្មីអូមីក្រុង។

របាយការណ៍នេះបានឱ្យដឹងថា៖ «ផលប៉ះពាល់ត្រូវបានរំពឹងថានឹងមានតិចតួច និងមានរយៈពេលខ្លី ខណៈដែលពិភពលោកមានភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងជំងឺនេះ»៕