(យូណាន)៖ ក្រុមហ៊ុន China State Railway Group បានឱ្យដឹងថា ផ្លូវដែករថភ្លើងល្បឿនលឿនចិន-ឡាវ បានពន្លឿនការបង្កើតបណ្តាញឡូជីស្ទិកថ្មីមួយរវាងប្រទេសចិន និងប្រទេសជាសមាជិករបស់សមាគមអាស៊ាន ដោយផ្លូវដែកនេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៦៧ម៉ឺននាក់ និងទំនិញ ១៧ម៉ឺនតោនក្នុងខែដំបូងនៃការដាក់ដំណើរការផ្លូវដែកនេះ។ នេះបើយោងតាមកាសែត Global Times របស់ចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលក្រុមហ៊ុន China Railway ដែលជាប្រតិបត្តិការផ្លូវរថភ្លើងនេះផ្ញើទៅកាន់កាសែត Global Times បានឱ្យដឹងថា ប្រតិបត្តិការដោយជោគជ័យនៃផ្លូវដែកចិន-ឡាវនេះ បានបង្កើនទេសចរណ៍ក្នុងស្រុក ខណៈដែលនាំមកនូវភាពងាយស្រួលបន្ថែមទៀតដល់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវដែកនេះ។ ប្រជាពលរដ្ឋនៅស្រុកពូអ័រ និងតំបន់ Xishuangbanna Dai នៃខេត្តយូណានប្រទេសចិន ឥឡូវនេះអាចធ្វើដំណើរតាមរថភ្លើងបាន។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះគឺគម្រប់ខួបមួយខែគត់ដែលបានដាក់ដំណើរការរថភ្លើងល្បឿនលឿននេះ។

រថភ្លើងល្បឿនលឿនចិន-ឡាវ បានបង្កើនសេដ្ឋកិច្ចទេសចរណ៍យ៉ាងខ្លាំងក្នុងតំបន់ស្ថិតនៅតាមបណ្តោយផ្លូវដែកនេះ ដោយទាក់ទាញភ្ញៀងទេសចរជាច្រើន ដែលជិះរថភ្លើងទៅទស្សនាតំបន់ដែលមានទេសភាពស្អាតៗ។ ការកក់សំបុត្រធ្វើដំណើរសម្រាប់ស្រុកពូអ័រ បានកើនឡើង ៩២,៤ភាគរយ និងតំបន់ Xishuangbanna Dai បានកើនឡើង ៥៩,៩ភាគរយធៀបនឹងខែមុន។

ចំនួនអ្នកធ្វើដំណើរតាមរថភ្លើងក្នុងមួយថ្ងៃបានកើនឡើងពី ១៩.០០០នាក់នៅថ្ងៃបើកដំណើរការរថភ្លើងដល់ ៣៣.០០០នាក់សម្រាប់កំណត់ផ្លូវក្នុងប្រទេសចិន ដោយមានចំនួនអ្នកដំណើរស្រុប ៦២០.០០០នាក់។

អ្នកដំណើរអន្តរជាតិដែលធ្វើដំណើរតាមកំណាត់ផ្លូវរថភ្លើងក្នុងប្រទេសឡាវ បានកើនឡើងពី ១ពាន់នាក់ក្នុងមួយថ្ងៃនៅថ្ងៃបើកដំណើរការ ដល់ ២.៦០០នាក់ ដោយសរុបមានជាង ៥០.០០០នាក់ដែលបានជិះរថភ្លើងនេះ។

រថភ្លើងល្បឿនលឿននេះក៏បានជួយកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនពីទីក្រុងគន់មីងក្នុងខេត្តយូណាន និងទីក្រុងវៀតចន្ទន៍ ប្រទេសឡាវផងដែរ មកនៅត្រឹម ៣០ម៉ោង និងមានរថភ្លើងដឹកទំនិញចំនួន ៣៨០ជើងបានធ្វើដំណើរនៅលើផ្លូវដែកនេះគិតចាប់ពីថ្ងៃទី៣ ខែធ្នូមក ដែលធ្វើឱ្យទំនិញសរុបមាន ១៧ម៉ឺនតោន រួមទាំងរថភ្លើងដឹកទំនិញអន្តជាតិចំនួន ៧០ជើងផងដែរ៕

កាសែត Global Times បានរាយការណ៍ថា ប្រភេទទំនិញដែលបានដឹកជញ្ជូន ដំបូងឡើយមានកៅស៊ូ និងជី ហើយក្រោយមកមានគ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំផ្ទាំងសូឡា ឧបករណ៍ទូរគមនាគមន៍ រថយន្ត វាយណភ័ណ្ឌ បន្លែ ផ្កា និងផលិតផលផ្សេងទៀត។

ជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ចាប់ពីថ្ងៃទី១ ខែមករានេះទៅ បរិមាណទំនិញដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងចិន-ឡាវនេះ រំពឹងថានឹងកើនឡើង៕