(បាងកក)៖ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងនៅក្នុងសារឆ្នាំថ្មីរបស់លោកថា រដ្ឋាភិបាលថៃផ្តោតលើការពន្លឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងធ្វើឱ្យឆ្នាំ២០២២ ក្លាយជាឆ្នាំនៃការដោះស្រាយបំណុលគ្រួសារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្នុងសារបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានឱ្យដឹងថា ប្រទេសថៃបានទទួលរងផលប៉ះពាល់ពីបញ្ហាជាច្រើនដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ចដោយសារការបិទខ្ទប់ប្រទេស និងវិធានការរឹតបន្តឹងនានា។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក ប្រាយុទ្ធ បានបញ្ជាឱ្យមានការចាត់វិធានការដើម្បីដោះស្រាយវិបត្តិទាំងនេះដែល បានជួយប្រជាជនដែលកំពុងប្រឈមនឹងស្ថានភាពលំបាក។ លោកមានប្រសាសន៍ថា៖ «យើងមានក្តីរីករាយដែលវិធានការទាំងនេះបានបង្ហាញសញ្ញាជួយបន្ធូរបន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ»

លោកថ្លែងបន្តថា ការទិញវ៉ាក់សាំង និងទិសដៅដាក់វ៉ាក់សាំងសម្រេចបានជាង ១០០លានដូសរហូតមកដល់ពេលនេះ។

លោកបន្ថែមថា ការបើកប្រទេសឡើងវិញ បានចាប់ផ្តើមដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយចាប់ផ្តើមដំណើរការការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់ប្រទេសជាតិ។ សន្ទស្សន៍ទំនុកចិត្តបានកើនឡើងនៅទូទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ខណៈដែលការវិនិយោគក៏កំពុងកើនឡើងផងដែរ។ កញ្ចប់ជំនួយបានជួយរក្សាអំណាចទិញរបស់សាធារណៈ និងបានជួយជំរុញសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្មវិធីផ្តល់ឧបត្ថម្ភធនរបស់រដ្ឋាភិបាលថៃដែលមានឈ្មោះថា Khon La Krueng (ពាក់កណ្តាលម្នាក់) ទទួលបានជោគជ័យ ហើយដំណាក់កាលទី៤ នៃកម្មវិធីនេះនឹងត្រូវបានដាក់ចេញនៅខែមីនា ឆ្នាំនេះ។ ការចំណាយសាធារណៈដែលត្រូវបានជំរុញដោយដំណាក់កាលទី៣ នៃកម្មវិធី ដែលបានបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍មុន មានទឹកប្រាក់សរុបចំនួន ២០០លានបាត (ប្រហែល ៦លានដុល្លារអាមេរិក)។

លោកថ្លែងថា រដ្ឋាភិបាលថៃបានជួយឱ្យសហគ្រាសធុនតូចនិងធុនមធ្យមទទួលបានឥណទានដែលមានតម្លៃ ២៤០ប៊ីលានបាត (៧,២ប៊ីលានដុល្លារ) ដែលជួយបង្កើតការងារប្រហែល ២,៦លានកន្លែង។

លោក ប្រាយុទ្ធ បានបន្ថែមថា រដ្ឋាភិបាលថៃកំពុងកំណត់អាទិភាពលើបញ្ហាបំណុលគ្រួសារ ដែលបានកើនឡើងដល់កម្រិតវិបត្តិមួយ។ លោកបន្តថា រដ្ឋាភិបាលថៃសង្ឃឹមថានឹងដោះស្រាយបំណុលគ្រួសារតាមរយៈមធ្យោបាយនិងយន្តការផ្សេងៗ រួមទាំងការចរចាបំណុល និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កន្លមកងថា អនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មានកម្រិត ៨៩,៣ភាគរយនៅត្រីមាសទី៣ ឆ្នាំមក។ ចំនួននេះបើគិតជាទឹកប្រាក់ស្នើនឹង ១៤,៣៥ទ្រីលានបាត (ប្រហែល ៤៣២ប៊ីលានដុល្លារអាមេរិក) នៅដំណាច់ត្រីមាសទី៣ ឆ្នាំមុន ដែលកើនឡើងពីចំនួន ១៤,២៨ទ្រីលានដុល្លារនៅចំណាច់ត្រីមាសទី២ ឆ្នាំ២០២១ ឬស្មើនឹង ៨៩,៣ភាគរយនៃ ផ.ស.ស ដែលស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ី៕