(ភ្នំពេញ)៖ ខេត្តតំបន់ទេសចរណ៍គោលដៅធំៗ មានអត្រានៃការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ កើនឡើងខ្ពស់ សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ។

ខេត្តកែប ខេត្តកំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង៨០% ត្រូវបានភ្ញៀវកក់រួចស្រេច ខណៈគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។

ចំពោះអត្រានៃការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ តាមបណ្តាខេត្តជាគោលដៅទេសចរណ៍ធំៗនេះត្រូវបានលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិក អះអាងថា ជាសញ្ញាបញ្ជាក់ពីភាពវិជ្ជមានមួយ ដោយសារតែទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី ប៉ុន្ដែប្រជាពលរដ្ឋមានលទ្ធភាពដើរលេង និងចែករំលែកគ្នា។
លោថា ជារឿងដ៏ល្អមួយសម្រាប់ម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់, និងភោគជនីយដ្ឋានជាដើម បន្ទាប់ពីបានបិទទ្វាអស់ប្រមាណ២ឆ្នាំកន្លងមក។

លោកបន្ថែមថា សម្រាប់ថ្ងៃឆ្លងឆ្នាំនេះមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ បូករួមជាមួយស្ថានភាពនៃជំងឺកូវីដ១៩បានធូរស្បើយ ដូច្នេះនឹងមានបងប្អូនប្រជាពលរដ្ឋជាច្រើនធ្វើដំណើរកំសាន្ដ។

លោកស្រី ខៃ ចន្ដា អនុប្រធានសមាគមសណ្ឋាគារ បានថ្លែងថា កំណើនលេចធ្លោនៃការកក់សណ្ឋាគារនេះ និងផ្ទះសំណាក់នាពេលនេះ ជាក្ដីសង្ឃឹមយ៉ាងធំសម្រាប់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដែលផ្អាកប្រតិបត្តិការមួយរយៈធំ ហើយជាការជំរុញឲ្យម្ចាស់អាជីវកម្មទាំងអស់ ខិតខំចាប់ផ្ដើមប្រមូលលទ្ធភាព ដើម្បីបើកសណ្ឋាគារឲ្យបានពេញលេញវិញ។

លោកស្រីបញ្ជាក់ថា «ជាការពិតសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនទាន់បើកពេញលេញនៅឡើយទេ ដោយសារមានកត្តាបន្ទាប់បន្សំផ្សេងៗ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីក៏ផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះ អាចទទួលទេសចរណ៍បានពេញលេញ និងគ្រប់គ្រាន់ក្នុងពេលឆ្លងឆ្នាំខាងមុខនេះ»។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរផ្ទៃក្នុង មានសន្ទុះដើរកម្សាន្តឡើងវិញ។ កាលពីថ្ងៃសៅរ៍ ទី២៥ និងថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់៕