(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង៥១៤លានដុល្លារ កើន២១% បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ៤២៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ទីផ្សារគោលដៅដែលកម្ពុជា នាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។

បច្ចុប្បន្នកម្ពុជា មានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

ក្នុងសន្និបាតក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទោះបីជាមានការរំខាន ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏កម្ពុជានៅតែនាំចេញបាន ក្នុងអត្រាមួយគួរឲ្យកត់សម្គាល់។

លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ តម្លៃនាំចេញមានចំនួន ១៥,៧២៩ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕