(ហូជីមិញ)៖ ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមមបានកត់ត្រាការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ២៤ភាគរយនៅត្រីមាសទី៣ ដែលអាចទាញទម្លាក់កំណើនប្រចាំឆ្នាំឱ្យធ្លាក់ចុះ ៦,៧ភាគរយ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៣៥ឆ្នាំ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយស្រង់សំដីរបស់លោក Phan Van Mai ប្រធានគណៈប្រជាជនក្រុងហូជីមិញ ខណៈលោកថ្លែងនៅក្នុងកិច្ចប្រជុំមួយថា ទីក្រុងធំបំផុតរបស់វៀតណាមមួយនេះ បានប្រឈមនឹងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ-១៩ និងបរាជ័យក្នុងការសម្រេចបានទិសដៅកំណើនមួយចំនួន។

លោកបានបន្ថែមថា ក្នុងរយៈពេលបីខែចន្លោះពីខែមិថុនា ដល់ខែកញ្ញា ទីក្រុងហូជីមិញបានប្រើប្រាស់ធនធានភាគច្រើនរបស់ខ្លួនទៅលើការទប់ស្កាត់ជំងឺកូវីដ-១៩ ដូច្នេះសកម្មភាពសេដ្ឋកិច្ចភាគច្រើនត្រូវបានផ្អាក។

គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងនេះបានកត់ត្រាករណីកូវីដចំនួន ៤៨០.១០០ករណី ដោយមានអ្នកស្លាប់ចំនួន ១៨.៥៥៥នាក់ចាប់តាំងពីកើតមានការរាតត្បាតជំងឺនេះមក។

លោក Mai បានថ្លែងថា វីរុសថ្មី អូមីក្រុង អាចគំរាមកំហែងដល់ការសម្រេចបានការទប់ស្កាត់វីរុសកូវីតរបស់ទីក្រុងនេះ។ លោកមានប្រសាសន៍ថា៖ «ជំងឺកូវីដ-១៩ មិនចប់ទេ។ ទីក្រុងហូជីមិញចាំបាច់ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈដែលកំណើនទិសដៅកំណើនសេដ្ឋកិច្ចផងដែរ»។

លោកបានបន្ថែមថា ទីក្រុងហូជីមិញបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញតាំងពីត្រីមាសទី៤មក ប៉ុន្តែទីតាំងមួយចំនួននៅតែបិទនៅឡើយដើម្បីបង្ការការផ្ទុះជំងឺជាថ្មី។

លោក Nguyen Van Nen លេខាធិការបក្សប្រចាំទីក្រុងហូជីមិញបានឱ្យដឹងថា ទីក្រុងនេះកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត VN Express៕