(ក្រុងឡុងដ៏)៖ តម្លៃប្រេងឆៅប្រែប្រួលតិចតួចដោយជួញដូរក្រោម ៧៦ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ ខណៈដែលវិនិយោគិនវាយតម្លៃផលប៉ះពាល់របស់វីរុសអូមីក្រុងលើសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានឡើងថ្ឡៃ ៣២សេន ឬ ០,៤% ដល់ ៧៥,៧៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៧២,១៧ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១២សេន ឬ ០,២%។

បន្ទាប់ពីធ្លាក់ថ្លៃជាង ១៦ភាគរយគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា មកនៅត្រឹម ៦៩ដុល្លារក្នុងមួយបារ៉ែល ប្រេងឆៅប្រភេទ Brent បានកើនតម្លៃឡើងវិញ ៨ភាគរយគិតចាប់ពីថ្ងៃទី១ ខែធ្នូ ដោយសារសញ្ញាថា វីរុសអូមីក្រុងមានផលប៉ះពាល់តិចតួចមកលើតម្រូវការប្រេង។

ធនាគារ Commerzbank បានឱ្យដឹងថា៖ «ប្រហែល ២ភាគរយ៣ នៃការធ្លាក់ចុះតម្លៃកន្លងមក បានស្ទុះងើបឡើងមកវិញ ដែលការធ្លាក់ចុះនោះបណ្តាលមកពីក្តីបារម្ភដែលបង្កឡើងដោយវីរុសប្រភេទថ្មីអូមីក្រុង។ ឥឡូវ ក្តីបារម្ភទាំងនេះហាក់ដូចជាកើតមានការបំប៉ោងខ្លាំងជ្រុល»

ធនាគារនេះបានឱ្យដឹងទៀតថា ដូចជាមិនមានសញ្ញាគួរឱ្យកត់សម្គាល់ដែលបង្ហាញពីផលប៉ះពាល់លើតម្លៃប្រេងឡើយនៅពេលនេះ។ បើមានមែន វិស័យអាកាសចរណ៍គួរតែរងគ្រោះមុនគេ តែវិស័យនេះបានមើលឃើញការធ្លាក់ចុះសំបុត្រតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕