(ភ្នំពេញ)៖ មន្រ្តី និងអ្នកជំនាញខាងទេសចរណ៍រំពឹងថា នៅដើមឆ្នាំក្រោយនេះ ជើងហោះហើររវាងចិន និងកម្ពុជា នឹងបើកដំណើរការជាធម្មតាឡើងវិញ តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយនាំយកអ្នកវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជា។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ការហោះហើរត្រង់រវាងកម្ពុជា និងចិន មានជាលក្ខណៈជួលប៉ុណ្ណោះ ដោយមិនទាន់មានការហោះហើរជាធម្មតា តាមកាលវិភាគមិនទាន់មាននៅឡើយ ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះរវាងកម្ពុជា នៅតែមានតម្លៃខ្ពស់ដដែល គឺប្រមាណពី៨ពាន់ដុល្លារ ទៅ១ម៉ឺនដុល្លារ។

លោកបន្ថែមថា បច្ចុប្បន្ននេះដោយសារមិនមានការហោះហើរទូលំទូលាយ និងតម្លៃសំបុត្រយន្តហោះនៅខ្ពស់នោះ ទោះបីជារដ្ឋាភិបាលកម្ពុជា ប្រកាសបើកទទួលភ្ញៀវទេសចរក៏ដោយ មិនទាន់មានភ្ញៀវចិន កក់កញ្ចប់ដំណើរកម្សាន្តនៅឡើយទេ។

លោកលើកឡើងថា តាមរយៈទំនាក់ទំនងដ៏ល្អ និងការចរចារវាងរដ្ឋាភិបាលទាំងពីរ លោករំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នឹងបើកដំណើរការឡើងវិញ ដើម្បីដឹកអ្នកដំណើរ អ្នកធុរកិច្ច ជាពិសេសភ្ញៀវទេសចរចិន ដែលកន្លងមកតែឈរនៅលេខទី១ ដើម្បីជួយដល់អ្នកក្នុងវិស័យទេសចរណ៍ ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ។

លោកបញ្ជាក់ថា «ឥឡូវនេះ តាមការពិភាក្សាគ្នាមិនទាន់មាន គ្រាន់ថាគម្រោងរបស់គាត់ (ក្រុមហ៊ុនអាកាសចរណ៍របស់ចិន) នឹងធ្វើការហោះហើរឡើងវិញ ប៉ុន្តែគាត់មិនទាន់កំណត់ថ្ងៃនៅឡើយទេ នៅមិនទាន់ដឹងថា ក្រុមហ៊ុនណាដែលគាត់នឹងចាប់ផ្តើមចេញជើងដំបូងទេ។ ឃើញថាគាត់មានការទប់ស្កាត់ សម្បើមណាស់ ពាក់ព័ន្ធជាមួយការមិនឱ្យរីករាលដាលជំងឺកូវីដនេះ ហើយការធ្វើចត្តាឡីស័កក៏គាត់មានរយៈពេលយូរជាងប្រទេសដទៃទៀតដែរ»

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា សម្រាប់ការៀបចំជើងហោះហើររវាងចិន និងកម្ពុជានេះ ត្រូវការពេលវេលាបន្ថែមទៀត។ យ៉ាងណាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលអ្នកដំណើរមកពីចិន និងការបើកដំណើរការឡើងវិញ នៃជើងហោះហើរត្រង់ពីចិនមកកម្ពុជាបន្ថែមទៀត។

ជុំវិញបញ្ហានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នៅពេលដែលជើងហោះហើរពីកម្ពុជា និងចិន មានកាន់តែទូលំទូលាយនោះ នឹងធ្វើឱ្យតម្លៃសំបុត្រយន្តហោះធ្លាក់ចុះ ព្រមទាំងជំរុញដល់ការទទួលបានកំណើនអ្នកវិនិយោគកាន់តែច្រើន ទន្ទឹមពេលដែលកម្ពុជាអនុវត្តច្បាប់វិនយោគថ្មី និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និង RCEP។

«អ្វីដែលអ្នកវិនិយោគ និងអ្នករកស៊ីទន្ទឹមរង់ចាំនេះ គឺការហោះហើរឱ្យកាន់តែច្រើន រវាងកម្ពុជា-ចិន បានកាន់តែច្រើន ដើម្បីជំរុញការដឹកជញ្ជូនអ្នកដំណើរ និយាយឱ្យចំ គឺវិនិយោគិនពីប្រទេសចិនមកកាន់កម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសចិន ដោយក្នុងតម្លៃសំបុត្រសព្វថ្ងៃនេះ យើងកំពុងតែប្រឈមនឹងតម្លៃសំបុត្រយន្តហោះវាថ្លៃមួយគុណនឹង១០ លើកមុនធ្លាប់មុនកូវីដតែ៧០០ ទៅ៨០០ដុល្លារ ឥលូវវាឡើងទៅ៧០០០ ទៅ៨០០០ដុល្លារ ដូច្នេះវាធ្វើឱ្យមានការរារែក និងភាពប្រឈម។ មិនត្រឹមតែប៉ុណ្ណឹងទេ ថ្លៃដឹកជញ្ជូនកុងតឺន័រទំនិញ ចេញពីកម្ពុជាក៏ឡើងថ្លៃពី៣ទៅ១០ដងដូចគ្នា។ ១កុងតឺន័រលើកមុនពី៧០០ទៅ១០០០ដុល្លារ ឥឡូវដល់ពី៥០០០ទៅ៨០០០ដុល្លារក្នុងមួយកុងតឺន័រ ដែលជាបញ្ហាដែលយើងបារម្ភ»។ លោកឧកញ៉ា លឹម ហេង មានប្រសាសន៍បន្ថែម។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរផងដែរ ដែលធ្វើឲ្យកំណើនជើងហោះហើរ មានរហូត៤៣ជើងក្នុង១សប្តាហ៍ ចាប់ពីខែធ្នូតទៅ។

ក្រុមហ៊ុនអាកាសចរណ៍ដែលបាននដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ មានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។ ចំណែកក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍៕