(វ៉ាស៊ីនតោន)៖ និយ័តករហិរញ្ញវត្ថុអាមេរិកកំពុងស៊ើបអង្កេតលើកិច្ចព្រមព្រៀងតម្លៃ ១,២៥ប៊ីលានដុល្លាររបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះដើម្បីចុះបញ្ជីក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមថ្មីរបស់លោកនេះនៅផ្សារហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Digital World Acquisition Corp ដែលបានព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Trump Media & Technology Group Corp (TMTG) របស់លោក ត្រាំ កាលពីថ្ងៃចន្ទបានឱ្យដឹងនៅឯកសារនិយ័តកម្មមួយថា គណៈកម្មការផ្សារហ៊ុនអាមេរិក (SEC) និងអាជ្ញាធរនិយ័តកម្មឧស្សាហកម្មហិរញ្ញវត្ថុ (FINRA) កំពុងស៊ើបអង្កេតលើកិច្ចព្រមព្រៀងរបស់ខ្លួន។

ក្រុមហ៊ុន TMTG មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រនោះទេ។

ក្រុមហ៊ុន Digital World បានឱ្យដឹងថា SEC បានស្នើសុំឯកសារនានាកាលពីដើមខែវិច្ឆិកាពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន Digital World និងក្រុមហ៊ុន TMTG កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Digital World គោលនយោបាយនិងនីតិវិធីនានាពាក់ព័ន្ធនឹងការជួញដូរ លេខត្តសញ្ញាណធនាគារ លេខទូរស័ព្ទ និងអាសយដ្ឋាអ៊ីមែល ព្រមទាំងអត្តសញ្ញាណរបស់វិនិយោគិនមួយចំនួនផងដែរ។

ក្រុមហ៊ុន Digital World បានបន្ថែមថា SEC បានលើកឡើងនៅក្នុងសំណើរបស់ខ្លួនថា ការស៊ើបង្កេតមិនមែនមានន័យថា និយ័តករបានសន្និដ្ឋានថា អ្នកណាម្នាក់ល្មើសច្បាប់ឡើយ។

លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាអាមេរិកបានស្នើឱ្យ SEC ស៊ើបអង្កេតការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នាដែលត្រូវបានស្នើឡើងរបស់ក្រុមហ៊ុន TMTG ជាមួយក្រុមហ៊ុន Digital World ជុំវិញការរំលោភបំពានច្បាប់មូលបត្រដែលអាចកើតមាន ដោយលើកឡើងថា តើក្រុមហ៊ុនទាំងពីរបានបង្ហាញឯកសារគ្រប់គ្រាន់ដែរឬអត់នៅពេលការពិភាក្សាអំពីកិច្ចព្រមព្រៀងនេះបានចាប់ផ្តើម។

គណៈកម្មការ SEC បានបដិសេធការស្នើសុំការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ។

ការស៊ើបអង្កេតនេះបានកើតមានឡើងក្នុងគ្រាដែលមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្ររបស់លោក ត្រាំ និងវិនិហោគិនលក់រាយនានាជុំវិញកិច្ចព្រៀងនេះ។ ការជួញដូរដ៏មមាញឹកនូវភាគហ៊ុនរបស់ក្រុមហ៊ុន Digital World បានជំរុញឱ្យតម្លៃរបស់ក្រុមហ៊ុន TMTG របស់លោក ត្រាំ បានកើនឡើងពី ៨៧៥លានដុល្លារនៅខែតុលា ដល់ជិត ៤ប៊ីលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕