(ប៉េកាំង)៖ ក្រុមហ៊ុន Evergrande ដែលកំពុងជាប់បំណុលវ័ណ្ឌក ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់បំណុលនៅបរទេសទាំងអស់របស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនបានបង្កើតគណៈកម្មការវាយតម្លៃហានិភ័យមួយ មុនពេលកាលបរិច្ឆេទចុងក្រោយនៃការសងបំណុលមកដល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការព្យាយាមដ៏លំបាក់របស់ក្រុមហ៊ុន Evergrande ក្នុងការឆ្លើយតបទៅនឹងកាតព្វកិច្ចបំណុលរបស់ខ្លួនបានបង្កឱ្យមានក្តីបារម្ភអំពីវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា រយៈពេលអនុគ្រោះសម្រាប់ការសងការប្រាក់សម្រាប់បំណុលចំនួនពីរ ដែលមានតម្លៃ ៨២,៥លានដុល្លារ គ្រោងនឹងបញ្ចប់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយអាចជាការការបរាជ័យសងបំណុលលើកដំបូងរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនធំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិននិងបានធ្លាក់ចូលក្នុងវិស័យ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញវិធានការកាលពីឆ្នាំមុន ដើម្បីទប់ស្កាត់ការលក់កេងចំណេញ និងការពឹងផ្អែកលើបំណុលច្រើនជ្រុលក្នុងការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុនក្នុងវិស័យនេះ ដែលបង្កឱ្យមានការកាត់ផ្តាច់ប្រភពសាច់ប្រាក់សម្រាប់ក្រុមហ៊ុន។ ប៉ុន្តែក៏មានសញ្ញាផងដែរថា រដ្ឋាភិបាលកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងវិញ។

ទីភ្នាក់ងារព័ត៌មាន AFP បានបន្តថា គណៈកម្មការវាយតម្លៃហានិភ័យ ដែលមានសមាជិកខ្លាំង ៧នាក់ នឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់តែ ២នាក់ប៉ុណ្ណោះមកពីក្រុមហ៊ុន Evergrande។ សមាជិកផ្សេងទៀតមកពីស្ថាប័នរដ្ឋនានា ដែលបង្កឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលអាចចូលរួមពាក់ព័ន្ធនឹងការគ្រប់គ្រងគំនរបំណុល ៣០០ប៊ីលានដុល្លាររបស់ក្រុមហ៊ុននេះ។

គណៈកម្មការនេះត្រូវបានបង្កើតឡើងក្នុងគ្រាដែលក្រុមហ៊ុន Evergrande កំពុងប្រឈមនឹងបញ្ហាប្រតិបត្តិការ និងហិរញ្ញវត្ថុ។

ដោយដកស្រង់ប្រភពដែលបានដឹងពីព័ត៌មាន ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Evergrande កំពុងរៀបចំផែនការដាក់បញ្ចូលមូលបត្របំណុលសាធារណៈក្រៅប្រទេសទាំងអស់ និងកាតព្វកិច្ចបំណុលឯកជនទាំងអស់របស់ខ្លួននៅក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលងឡើងវិញ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនេះ ដែលមិនទាន់ចាប់ផ្តើមធ្វើនៅឡើយនោះ អាចគ្របដណ្តប់ដលើមូលបត្របំណុលសាធារណៈ ដែលត្រូវបោះផ្សាយលក់ដោយក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Scenery Journey និងមូលបត្របំណុលតម្លៃ ២៦០ដុល្លារដែលបោះផ្សាយដោយក្រុមហ៊ុន Jumbo Fortune Enterprises ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Evergrande៕