(បាងកក)៖ ប្រតិបត្តិករក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចក្នុងប្រទេសថៃ ត្រូវបានផ្តល់អនុសាសន៍ឱ្យពិចារណាឡើងវិញអំពីយុទ្ធសាស្រ្តអាជីវកម្មរបស់ពួកគេ ដើម្បីតម្រូវតាមនិន្នាការថ្មីៗក្នុងវិស័យទេសចរណ៍ ខណៈដែលការរាតត្បាតជំងឺកូវីដក្នុងពិភពលោកកំពុងផ្លាស់ប្តូររបៀបធ្វើដំណើររបស់មនុស្ស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Duangkwan Synsatayakul ប្រធានប្រចាំតំបន់ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ក្រុងហុងកុង និងកោះតៃវ៉ាន់របស់ក្រុមហ៊ុន Airbnb បានថ្លែងថា៖ «យើងបានមើលឃើញនិន្នាការថ្មីៗក្នុងប្រទេសថៃ ដែលកើតចេញពីការផ្ទុះជំងឺ ខណៈដែលមនុស្សមានបំណងចង់បានបទពិសោធធ្វើដំណើរពោរពេញដោយអត្ថន័យ និងបទពិសោធល្អមិនធ្លាប់មាន ព្រមទាំងភាពបទបែនដើម្បីធ្វើការងារពីទីកន្លែងណាក៏បាន»

លោកស្រីបានថ្លែងថា ជាង ៤០% នៃការស្វែងរក (searches) ក្នុងខែមេសា កំពុងស្វែងរកភាពបត់បែនទាក់ទងនឹងទីតាំង និងកាលបរិច្ឆេទធ្វើដំណើរ ខណៈដែលការធ្វើដំណើរ ការរស់នៅ និងការធ្វើការត្រូវបានច្របាច់បញ្ចូលគ្នាក្លាយជាកិច្ចការតែមួយ។ លោកស្រីបានបន្ថែមថា មានការស្វែងរកការស្នាក់នៅជាង ២៨០លានដងដែលមានផ្តល់ជូនសេវាអ៊ីនធឺណិតឥតខ្សែ ដែលអាចឱ្យភ្ញៀវទទួលបានបទពិសោធតភ្ជាប់អ៊ីនធឺណិតក្នុងពេលស្នាក់នៅ។

លោកស្រី Duangkwan បានមានប្រសាសន៍ថា ប្រតិបត្តិករអាជីវកម្មមិនគួរខ្លាចចំពោះការសម្របខ្លួនទៅនឹងនិន្នការថ្មីទាំងនេះឡើយ ហើយពួកគេគួរកំណត់អាទិភាពលើកសារៈសំខាន់នៃការស្តាប់តម្រូវការរបស់ភ្ញៀវ។

ថ្លែងនៅក្នុងសិក្ខាសាលា Line Hospitality Tech 2021 លោក Paisit Kaenchan ស្ថាបនិក និងនាយកសេវាផ្តល់ប្រឹក្សាបដិសណ្ឋារកិច្ច ថ្លែងថា មានលក្ខខណ្ឌតម្រូវថ្មីៗសម្រាប់គម្រោងសណ្ឋាគារដែលកំពុងសាងសង់ ដោយតម្រូវការនោះរួមទាំងមានការបន្ថែមផ្ទះបាយ ដោយសារភ្ញៀវទេសចរចង់ចម្អិនម្ហូប និងមានកន្លែងអង្គុយធ្វើការសមស្របផងដែរ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ភ្ញៀវទេសចរនឹងស្វែងរកបន្ទប់សណ្ឋាគារកាន់តែតូច ឬសណ្ឋាគារដែលផ្តល់ស្តង់ដារដែលអាចប្រកួតប្រជែងជាមួយសណ្ឋាគារយីហោល្បីៗបាន ជំនួសឱ្យការស្វែងរកទីតាំងស្នាក់នៅធំទូលាយ ដោយសារក្តីបារម្ភពីការឆ្លងជំងឺ។

លោក Boripat Louichareon នាយកគ្រប់គ្រងផ្នែក MEAP ប្រចាំសណ្ឋាគារ Standard Hotels ថ្លែងថា បើទោះជាឥរិយាបថធ្វើដំណើរមួយចំនួនអាចផ្លាស់ប្តូរក្តី ក៏តម្រូវការបទពិសោធថ្មីនឹងបន្តនៅតែមាន។ ទោះជាយ៉ាងណាលោកបន្ថែមថា ប្រតិបត្តិការនិងសេវាកម្មសម្រាប់ភ្ញៀវ ត្រូវតែផ្តល់ជូនដោយប្រើប្រាស់ការអនុវត្តថ្មីៗ ដើម្បីធានាបានកម្រិតសុវត្ថិភាពខ្ពស់៕