(ស្វីស)៖ មន្ត្រីនជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ជួយគាំទ្រការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក និងជ្រោមជ្រែងកម្ពុជា ជាប្រទេសគំរូមួយ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់។

ការលើកឡើងនេះត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) និងតំណាងអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលថ្មីៗនេះ។

លោក សុខ សុភ័ក្ត្រ បានលើកឡើងថា កម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ចាកចេញ ពីប្រទេសអភិវ្ឍន៍តិចតួច (LDC) ដែលចាំបាច់ត្រូវរៀបចំជាយុទ្ធសាស្ត្រ និងគោលនយោបាយសម្រាប់ប្រទេស ដើម្បីធានាបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយសារតែកម្ពុជាអាចនឹងបាត់បង់ភាពអនុគ្រោះនានា ដែលកម្ពុជាធ្លាប់ទទួលបានក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច។

លោកបានស្នើសុំឲ្យអង្គការ UNCTAD បន្តជួយដល់កម្ពុជាក្នុងការសិក្សា ដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមមានការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច (Structural Transformation) ការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មទំនិញនាំចេញ និងទីផ្សារនាំចេញកសាងសមត្ថភាពរបស់សហគ្រាសកម្ពុជា ការប្រែក្លាយឌីជីថល ។ល។

លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានទទួលយកសំណើររបស់កម្ពុជា ព្រមទាំងសន្យាថា នឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ UNCTAD និងកម្ពុជាបន្តទៀត។

ជាមួយគ្នានេះ តំណាងអង្គការពាណិជ្ជកម្មពិភពលោកលើកឡើងថា នឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែង ចំពោះការចូលរួមជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍នានា ព្រមទាំងលើកទឹកចិត្តឲ្យកម្ពុជាប្រឹងប្រែង ចូលរួមយ៉ាងសកម្មនៅក្នុងការងារនៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។

កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ២០០៤មក ដែលធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍ជាច្រើន ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា កម្ពុជាបានដាក់គោលដៅនៅឆ្នាំ២០៣០ នឹងប្រែក្លាយទៅជាប្រទេសចំណូលធម្យមកម្រិត និងនៅឆ្នាំ២០៥០ ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់៕