(ភ្នំពេញ)៖ ការធ្វើពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេល១០ ខែឆ្នាំ២០២១នេះ បានកើនដល់ជិត២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ថា(JETRO)។

ទិន្នន័យពី JETRO បានបញ្ជាក់ថា ពីខែមករា ដល់ខែតុលា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេច ១ ៩៦៤.២៣ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុន ក្នុងតម្លៃ ១ ៤៨៧.១៩លានដុល្លារ កើនឡើង៩.៣% ខណៈជប៉ុននាំចូលកម្ពុជា មានតម្លៃ ៤៧៧.០៤ កើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២០។

កម្ពុជានាំទៅជប៉ុន មានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក។ ចំណែកជប៉ុនវិញ បាននាំទំនិញចូលមកកម្ពុជា រួមមាន៖ គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

អ្នកជំនាញខាងសេដ្ឋកិច្ច ធ្លាប់លើកឡើងថា ក្រៅពីការនាំចេញទៅកម្ពុជា ក្នុងកំណើនល្អប្រសើរហើយនោះ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏មានសន្ទុះកើនឡើងផងដែរ។

គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០២០ មានទំហំ ២ ១០១.៩១៤លានដុល្លារ ក្នុងនោះកម្ពុជាចេញទៅជប៉ុនចំនួន ១ ៦១៧.២១ លានដុល្លារ ថយចុះ៦.៦% និងនាំចូលពីជប៉ុនមកវិញនូវទឹកប្រាក់ ៤៨៤.៧០លានដុល្លារ៕