(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកជំនាញអចលនទ្រព្យ បានបង្ហាញផ្លូវដល់វិនិយោគិន ដែលមានបំណងចង់វិនិយោគ លើវិស័យអចលនទ្រព្យ គឺគួរវិនិយោគដោយប្រើប្រាស់ថវិកាដែលខ្លួនមាន ជៀសវាងការខ្ចីប្រាប់ពីអ្នកណាម្នាក់ ឬគ្រឹះស្ថានធនាគារមកវិនិយោគ។

ការលើកឡើងរបស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ១៩ ពីវិស័យអចលនទ្រព្យ និងសំណង់» ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ កិច្ចពិភាក្សានេះក៏បានចូលរួមចែករំលែកបទពិសោធន៍នានា ពីវិស័យសំណង និងអចលនទ្រព្យដល់សាធារណជន ពីអ្នកជំនាញនៅកម្ពុជាផងដែរ។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា «សម្រាប់បងប្អូនដែលចង់វិនិយោគលើវិស័យដីធ្លី គួរតែចេះមើលពីឱកាស និងបញ្ហាប្រឈម ចំពោះការវិនិយោគដូចគ្នា ប្រសិនបើទិញអចលនទ្រព្យ ដើម្បីវិនិយោគត្រូវប្រាកដថា លុយដែលទិញនេះជាលុយផ្ទាល់ខ្លួន កុំខ្ចីប្រាក់ ឬចងការប្រាក់ពីអ្នកណាម្នាក់ ឬគ្រឹះស្ថានធនាគារណាមួយ ដើម្បីវិនិយោគឲ្យសោះ ព្រោះមិនបានផ្ដល់ចំណេញនោះឡើយ ហើយអាចបង្កបញ្ហាប្រឈមទៀតផង មិនបានផ្ដល់ផលចំណេញ ដោយសារតែកម្ចីអ្វីមួយត្រូវបងសង់ត្រឡប់ទៅវិញទាំងប្រាក់ដើម និងការប្រាក់ ដូច្នេះលុយចំណេញពីការវិនិយោគនេះ អាចមិនគ្រប់ក្នុងការបង់សងត្រឡប់»

លោកបណ្ឌិតបញ្ជាក់ថា សម្រាប់ការព្យាករណ៍លើវិស័យអចលនទ្រព្យ ក្នុងអំឡុងពេល២-៣ឆ្នាំទៅមុខទៀត ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅតែមាន មិនថា វិនិយោគលើវិស័យខុនដូ, ដីឡូតិ៍ ឬបុរីឡើយ។

លោកបណ្ឌិតបន្ថែមថា ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដាច់ខាតត្រូវមាន៣ចំណុចចម្បងៗរួមមាន៖
១៖ ត្រូវមានថវិកា។
២៖ ត្រូវមានចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសលើវិស័យដីធ្លី។
៣៖ ត្រូវតែចេះលក់អចលនទ្រព្យ សម្រាប់គម្រោងអចលនទ្រព្យណា ដែលមានម្ចាស់គម្រោង មានលុយ មានបទពិសោធន៍ មានចំណេះដឹង ព្រមទាំងមានចេះលក់ នោះគម្រោងអចលនទ្រព្យនឹងទទួលបានជោគជ័យ។

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាស្ថាបនិកភូមិផ្កាត្រកួន បានឲ្យដឹងថា តាមការព្យាករណ៍ក្នុងអំឡុង២-៣ឆ្នាំខាងមុខនេះ សម្រាប់វិស័យអចលនទ្រព្យ នៅតែមានសញ្ញាល្អ ដោយសារតែបើតាមមើលស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន លើការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា បួករួមជាមួយការព្យាករណ៍នៃសេដ្ឋកិច្ចកម្ពុជាក្នុងចន្លោះ២ភាគរយ ទាំងនេះជាការបង្ហាញពីស្ថានភាពដ៏ល្អនៃវិស័យអចលនទ្រព្យ។ កត្តាមួយទៀត គឺការវិនិយោគលើវិស័យអចលនទ្រព្យ គឺជាការវិនិយោគដែលមិនចេះខាតបង់នោះឡើយ ព្រោះមនុស្សកើតមានជារៀងរាល់ថ្ងៃ ដូច្នេះតម្រូវការនៃលំនៅដ្ឋាននៅតែមាន។

លោកបានបញ្ជាក់ថា «ចំពោះការព្យាករណ៍ លើវិស័យអចលនទ្រព្យ នៅតែមានឱកាសល្អ ក្នុងការវិនិយោគដោយសារតែបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើន ហើយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជាខ្លាំង ដោយបានបើកប្រទេស បើកទេសចរ បូករួមជាមួយការធ្វើហេដ្ឋារចនាសម្ព័ន្ធរៀងរាល់ថ្ងៃ កត្តាទាំងនេះជាការហុចឱកាសដល់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ចំណែកប្រជាជននៅតែមានលំនៅដ្ឋានខ្ពស់»៕