(ស៊ីដនី)៖ ភាគហ៊ុននានាបានធ្លាក់ថ្លៃនៅថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះ Didi Global Inc របស់ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុននឹងដកឈ្មោះចេញពីផ្សារហ៊ុនក្រុងញូវយ៉ក ដែលបង្កឱ្យមានក្តីបារម្ភជាថ្មីអំពីភាពតានតឹងរវាងអាមេរិកនិងចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការដកឈ្មោះចេញពីផ្សារហ៊ុននេះកើតមានឡើងបន្ទាប់ពីនិយ័តករចិនកាលពីចុងខែមុនបានដាក់សម្ពាធលើមន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Didi ឱ្យរៀបចំផែនការមួយដើម្បីដកឈ្មោះក្រុមហ៊ុនចេញពីផ្សារហ៊ុនក្រុងញូវយ៉កដោយសារក្តីបារម្ភពីសុវត្ថិភាពទិន្នន័យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សន្ទស្សន៍ហ៊ុនផ្សារហ៊ុន S&P 500 បានធ្លាក់ចុះប្រហែល ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ហ៊ុនផ្សារហ៊ុនហុងកុងធ្លាក់ចុះ ១,៣ភាគរយ ដែលទាញទម្លាក់ដោយការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

ក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះ Didi កាលពីខែកក្កដា បានប្រឆាំងនឹងនិយ័តករចិន ដោយជម្នះបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទឹកប្រាក់ចំនួន ៤,៤ប៊ីលានដុល្លារ និងបានឱ្យដឹងនៅលើបណ្តាញសង្គមចិន Weibo ថា ខ្លួនកំពុងសម្លឹងឆ្ពោះទៅរកការចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដៅលោក Moh Siong Sim អ្នកវិភាគប្រចាំធនាគារ Bank of Singapore ខណៈថ្លែងថា៖ «ការដកឈ្មោះចេញពីផ្សារហ៊ុននេះបង្កើតឱ្យមានភាពមិននឹងនរដោយសារភាពមិនប្រាកដប្រជាទាក់ទងនឹងថា តើកត្តានេះនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិនដោយរបៀបណា»។

ដំណឹងអំពីក្រុមហ៊ុន Didi កើតមានឡើងមួយថ្ងៃបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះ Grab របស់សិង្ហបុរី បានធ្លាក់ថ្លៃជាង ២០ភាគរយនៅពេលដាក់លក់ដំបូងនៅផ្សារហ៊ុន Nasdaq។ ការចុះបញ្ជីរបស់ក្រុមហ៊ុន Grab គឺជាការចុះបញ្ជីធំបំផុតនៅតំបន់ហិរញ្ញវត្ថុ Wall Street ពីសំណាក់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕