(មែលប៊ន)៖ ប្រេងឆៅបានឡើងថ្លៃនៅថ្ងៃសុក្រ បន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ បានឱ្យដឹងថា ពួកគេនឹងពិនិត្យមើលឡើងឡើវិញនូវការដំឡើងការផ្គត់ផ្គង់ប្រេងរបស់ខ្លួន មុនពេលជួបប្រជុំបន្ទាប់ ប្រសិនបើរីរុសអូមីក្រុងបង្កផលប៉ះពាល់ដល់តម្រូវការ ប៉ុន្តែតម្លៃប្រេងនៅតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកការធ្លាលក់ចុះដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រទេស West Texas Intermediate (WTI) របស់អាមេរិកបានឡើងថ្លៃ ២៧សេន ឬ ០,៤ភាគរយ ដល់ ៦៦,៧៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ១,៤ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ១២សេន ឬ ០,២ភាគរយ ដល់ ៦៩,៧៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ១,២ភាគរយក្នុងវគ្គជួញដូរមុន។

សមាជិករបស់អង្គការក្រុមប្រេងនាំចេញប្រេង ឬហៅថាអង្គការ OPEC រួមនឹងប្រទេសរុស្ស៊ី និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដែលរួមគ្នាហៅថា OPEC+ បានបង្កឱ្យទៅផ្សារភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ នៅពេលពួកគេបានរក្សាផែនការដំឡើងទិន្នផលប្រេងចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃនៅដដែលសម្រាប់ខែមករា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្រុមប្រទេសផលិតប្រេងទាំងនេះនៅតែឃ្លាំមើលស្ថានភាពដដែល ហើយអាចមានការកែប្រែគោលនយោបាយផ្គត់ផ្គង់ប្រេងនេះភ្លាមៗ ប្រសិនបើតម្រូវការធ្លាក់ចុះដោយសារវិធានានានាដែលអាចនឹងត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាល់ដាលវីរុសកូរ៉ូណាប្រភេទថ្មី អូមីក្រុង។ ក្រុមប្រទេសទាំងនេះបានឱ្យដឹងថា ពួកគេអាចជួបប្រជុំម្តងទៀតមុនពេលកំណត់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមករា ប្រសិនបើចាំបាច់។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន ANZ Research បានឱ្យដឹងថា ការលើកឡើងនេះ បានបង្កឱ្យប្រេងឆៅឡើងថ្លៃ ដោយ «ឈ្មួញជួញដូរមានភាពស្ទាក់ស្ទើរក្នុងការភ្នាល់ថា ក្រុមប្រទេសផលិតប្រេងនេះជាចុងក្រោយនឹងផ្អាកការដំឡើងផលិតកម្មរបស់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកស្រី Ann-Louise Hittle ដែលជាអ្នកវិភាគប្រចាំក្រុមហ៊ុន Wood Mackenzie បានថ្លែងថា វាសមហេតុផលសម្រាប់ក្រុមប្រទេស OPEC+ រក្សាគោលនយោបាយដំឡើងប្រេងរបស់ខ្លួននៅដដែលសម្រាប់ពេលនេះ ដោយសារវានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ​ថាតើវីរុសអូមីក្រុងអាចប្រឆាំងទៅនឹងវ៉ាក់សាំងបច្ចុប្បន្នឬយ៉ាងណា៕