(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ និងសំណង់ បានបង្ហាញពីគន្លឹះផ្សេងៗដល់សាធារណជន ក្នុងការស្ដារអាជីវកម្មឡើងវិញ បន្ទាប់ពីអាជីវកម្មទទួលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ នាពេលកន្លងទៅនេះ។

ក្នុងនោះមានការចូលរួមចែករំលែក ពីអ្នកជំនាញប្រចាំកម្ពុជាចំនួន៤រូប ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សា ក្រោមប្រធានបទស្ដីពី «មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ១៩ ពីវិស័យអចលនទ្រព្យ និងសំណង់» រៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានថ្លែងថា ជាការពិតស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩នេះ មនុស្សស្ទើរតែគ្រប់គ្នា បានជួបបញ្ហាប្រឈមនានា និយាយចំពោះអាជីវកម្មក៏ជួបបញ្ហាប្រឈមជាច្រើនផងដែរ ដូច្នេះដើម្បីរក្សាអាជីវកម្ម ឲ្យនៅតែបន្ដងើបឈរឡើងវិញ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការចូលរួម ពីដៃគូសហការមានន័យថា ត្រូវរកដៃគូរសហការគ្នា ដើម្បីកសាងអាជីវកម្មឡើងវិញ។

លោកបានបន្ដថា ម្ចាស់អាជីវកម្មនីមួយៗអាចចែររំលែក តាមរយៈការលក់ភាគហ៊ុននៃអាជីវកម្មរបស់ខ្លួន ទៅកាន់ដៃគូណាម្នាក់ ដើម្បីទទួលបានទុនបង្វិលមកបន្ដដង្ហើមនៃអាជីវកម្ម។

លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co.,Ltd ក៏បានឲ្យដឹងថា ដើម្បីស្ដារអាជីវកម្មឲ្យឈរជើងបាន ដាច់ខាតត្រូវតែរក្សាឲ្យបាននូវធនធានមនុស្ស ដរាបណាមានធនធានមនុស្ស អាជីវកម្មនៅតែអាចបន្ដទៅមុខជានិច្ច។

លោកបញ្ជាក់ថា «ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ ក៏ទទួលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ជិត២ឆ្នាំមកនេះ ប៉ុន្ដែកត្តាដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានដូចសព្វថ្ងៃនេះ គឺការរក្សាឲ្យបាននូវធនធានមនុស្សនេះឯង»។

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាស្ថាបនិក និងអគ្គនាយកភូមិផ្កាត្រកួន បានលើកឡើងថា ក្រៅអំពីការរក្សាធនធានមនុស្ស ការចែករំលែកគ្នានេះ ដើម្បីរក្សាអាជីវកម្មឲ្យឈរជើងបានយូរ គឺមិនភ្លេចនោះឡើយ ចំពោះការធ្វើកិច្ចការអ្វីមួយមានផែនការច្បាស់លាស់ តើកាលណាមានផែនការច្បាស់លាស់ ឧបសគ្គបែបណាក៏អាចដោះស្រាយចេញបានដែរ។ កត្តាមួយទៀត គឺការចេះគ្រប់គ្រងបំណុល ត្រូវចេះគ្រប់គ្រងបំណុលឲ្យបានល្អ និងចេះប្រើប្រាស់ឲ្យត្រូវតាមកាលៈទេសៈ។

វេជ្ជបណ្ឌិត អៀង សុធារ៉ា សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងជាសហស្ថាបនិក Arakawa Residence បានថ្លែងឲ្យដឹងថា កត្តាខាងលើនេះជាគន្លឹះដ៏ល្អ ក្នុងការស្ដារឡើងវិញនៃអាជីវកម្ម ប៉ុន្ដែអ្វីដែលសំខាន់មួយផ្នែកទៀតនោះ គឺការត្រៀម និងថែរក្សាឲ្យបានល្អនូវសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងពង្រឹមសមត្ថភាពជាប់ជានិច្ច។ ចំពោះការថែរក្សាសុខភាពផ្លូវកាយ គឺត្រូវសម្រាកឲ្យបានគ្រប់គ្រាន់, ហូបចុកអាហារបំប៉នសុខភាពឲ្យបានត្រឹមត្រូវ។

លោកបវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះសុខភាពផ្លូវចិត្ត គឺត្រូវធ្វើសមាធិឲ្យបានល្អ រៀបចំចិត្តឲ្យបានល្អ កុំខឹងច្រើន ធ្វើចិត្តឲ្យសប្បាយរីករាយជាដើម។ ចំណុចមួយទៀត គឺការពង្រឹមសមត្ថភាព ទាំងសមត្ថភាពរកលុយ និងសមត្ថភាពចំណេះវិជ្ជា ត្រូវពង្រឹងឲ្យបានជាប់។

បន្ថែមពីការចែករំលែកពីគន្លឹះក្នុងការស្ដារអាជីវកម្ម បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារកូវីដ១៩ អ្នកជំនាញក៏បានបង្ហាញ និងចែករំលែកផងដែរ អំពីវិស័យអចលនទ្រព្យផងដរ។

លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លីបោះជំហានទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី, ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បងប្អូនដែលធ្វើការនៅក្នុងផ្នែកសេវាកម្ម និងឧស្សាហកម្មមួយចំនួនធំ ត្រូវបាត់បង់ការងារ១០០ភាគរយ និងមួយចំនួនទៀត មានការងារត្រឹមតែ៣០-៥០ភាគរយទៀតប៉ុណ្ណោះ កត្តាទាំងនេះដែលធ្វើឲ្យការទិញលក់លើវិស័យដីឡូតិ៍ បានទទួលរងផលប៉ះពាល់។

លោកបានបញ្ជាក់ថា និយាយចំពោះផ្នែកបុរី ដែលមានចំណូលក្រោមមធ្យម បុរីមានតម្លៃមធ្យម និងបុរីមានតម្លៃថ្លៃ គឺការទិញលក់ប៉ះពាល់តែមួយចំនួនប៉ុណ្ណោះ ចំពោះបុរីតម្លៃក្រោមមធ្យមមានផលប៉ះពាល់ ប៉ុន្ដែបុរីមានតម្លៃថ្លៃ និងបុរីតម្លៃមធ្យម គឺមិនទាន់ប៉ះពាល់ច្រើននោះឡើយ ដោយសារតែជំងឺកូវីដ១៩នេះផ្ទុះឡើង បានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្ដែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកមាននោះឡើយ។

លោកបណ្ឌិតបានបញ្ជាក់ គិតរយៈពេល២-៣ឆ្នាំខាងមុខនេះ ចំពោះអ្នករកស៊ីទិញលក់លើវិស័យអចលនទ្រព្យ នៅតែមានឱកាសចំណេញ និងមិនមានបញ្ហាចោទណាមួយកើតឡើងនោះទេ ប៉ុន្ដែប្រសិនបើវិនិយោគិនត្រូវវិនិយោគទិញ-លក់ លើវិស័យអចលនទ្រព្យ ដើម្បីវិនិយោគ ត្រូវប្រើប្រាស់ថវិកាដែលខ្លួនមាន ដោយមិនត្រូវខ្ចីលុយពីអ្នកណាម្នាក់ ដើម្បីវិនិយោគនោះទេ ដោយសារតែការខ្ចីប្រាក់មកធ្វើការវិនិយោគ នឹងមិនទទួលបានលុយចំណេញនោះឡើយ ដោយសារតែត្រូវបង់ការប្រាក់សងត្រឡប់ទៅម្ចាស់ដើមវិញ។

លោកវេជ្ជបណ្ឌិត អៀង សុធារ៉ា ក៏បានលើកឡើងចំពោះការមើលឃើញ នៃវិស័យអចលនទ្រព្យចន្លោះ២-៣ឆ្នាំខាងមុខថា ប្រសិនបើជំងឺកូវីដ១៩ ថមថយបន្ដិចម្ដងៗ ហើយអ្នករកស៊ីបានងើបឡើងវិញ ហើយអ្នកធ្វើការក៏អាចមានប្រាក់ចំណូលឡើងវិញ ដូច្នេះចំពោះវិស័យអចលនទ្រព្យ នឹងមានស្ថានភាពល្អប្រសើរ។

លោក ឌិន សុមេធារិទ្ធិ បានឲ្យដឹងថា ចំពោះវិស័យដីធ្លីក្នុងអំឡុងពេលប៉ុន្មានខាងមុខនេះ បើតាមមើលពីស្ថានភាពបច្ចុប្បន្នដោយ មើលលើការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បូករួមជាមួយនឹងការព្យាការណ៍ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងមានកំណើន២ភាគរយ ជាមួយនឹងការបើកទូលំទូលាយនៃទេសចរណ៍ជាដើម ហើយនេះជាសញ្ញាល្អនៃការវិនិយោគលើវិស័យអចលនទ្រព្យ ហើយការវិនិយោគលើវិស័យអចលនទ្រព្យ ជាការវិនិយោគដែលមិនចេះខាតបង់នោះឡើយ៕