(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានជាង ២៥៤ ពាន់លានរៀល ឬប្រមាណ៦២លានដុល្លារ កើនឡើងជិត៣០លានពាន់លាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតែជាង២២៧ ពាន់លានរៀល។ នេះបើយោងតាមរបាយណ៍របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ចំណូលទាំងនោះបានមកពីការលើកដាក់នាវា, ចំណូលលើកដាក់លើទីលាន, ចំណូលបានពីសេវាកំពង់ផែ, ចំណូលពីការរក្សាទុកកុងតឺន័រ, ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ ។

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌ចំនួន១៦ស្ថាប័នដែលដឹកនាំដោយលោក នេត ភ័ក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ផែនការសាង់សង់ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥ ជំហានទី២ ឱ្យរួចរាល់ក្នុងឆ្នាំ២០២៨ និងជំហានទី៣ ក្នុងឆ្នាំ២០៣០ ដើម្បីឱ្យនាវាទៅមកពីអាមេរិក និងអឺរ៉ុប៨៥% ចូលចតបាន មិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី និងជំហានទី៣ អាចមានសមត្ថភាពចូលទៅអឺរ៉ុប និងអាមេរិកស្ទើរ ១០០% ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវកំពុងតែរុញថាឱ្យជំហានទី២ ឱ្យហើយនៅ២០២៧ ហើយរុញឱ្យជំហានទី៣ហើយ ក្នុងឆ្នាំ២០២៩ កាន់តែឆាប់កាន់តែល្អ ហើយបរិមាណកុងតឺន័រយើងមាន។ មកដល់ឥលូវនេះ ក្នុងបរិមាណកុងតឺន័រឆ្លងកាត់ស្រុកខ្មែរយើងនាំចេញនាំចូល គឺប្រហែល៦០% កុងតឺន័រ គឺឆ្លងកាត់តាមផែកំពង់សោម ហើយសង្ឃឹមថា ២០២៥ ពេលដែលយើងធ្វើផែជំហានទី១ហើយ យើងសង្ឃឹមថាយើងនឹងអាចបម្រើឱ្យជិត៨០% សម្រាប់ធ្វើពាណិជ្ជកម្មឆ្លងកាត់ចេញចូល ហើយតម្លៃថោក»

ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

លោក លូ គឹមឈន់ បានឱ្យដឹងថា នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ។

បើតាមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុរូបនេះ មានបច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចូលបានតែប្រមាណតែ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ១៥០០ប៉ុណ្ណោះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែធ្នូនេះថា នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាង់សង់រួចរាល់ នឹងធ្វើឱ្យកាន់តែមានភាពងាយស្រួល ដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញផ្សេងៗ ដោយមិនមានភាពរាំងស្ទះទៀត និងមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសដទៃ។

លោកសង្ឃឹមថា កំពង់ផែទឹកជ្រៅនេះ នឹងធ្វើឱ្យវិនិយោគគិនបង្វែរទិសមកកម្ពុជា ក៏ដូចជាកែប្រែទីក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងពហុបំណង ដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ឱ្យខ្លាំងជាងមុន។

លោកបន្តថា «នោះហើយដែលវិស័យឯកជន អ្នករកស៊ីក្នុងប្រទេសកម្ពុជា នាំចេញនាំចូលកំពុងទន្ទឹមរង់ចាំ នូវកំពង់ផែទឹកជ្រៅ ដែលយើងអាចនាំចេញនាំចូលជាអចិន្ត្រៃយ៍។ កន្លងមកដោយសារកំពង់ផែយើងទឹករាក់ហើយ នៅមានកម្រិតនោះ ធ្វើឱ្យការនាំចេញនាំចូលមានពេលកំណត់ ក្នុងមួយខែកប៉ាល់ខ្លះចេញបានតែ១ជើង ២ជើង ដល់អីចឹងធ្វើឱ្យមានការរាំងស្ទះ ជាពិសេសកសិផលតែម្តងដែលប៉ះពាល់ខ្លាំង ដូច្នេះបើការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅបានសម្រេចនេះ នឹងធ្វើឱ្យមានភាពងាយស្រួល ដល់ការនាំចេញផលិតផលកសិកម្ម ក៏ដូចជាទំនិញផ្សេងៗរបស់កម្ពុជា។ ងាយស្រួលដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែអ្នកដទៃ ហើយនឹងអាចខាងជំនៀរកំពង់ចាម នឹងអាចចុះមកកំពង់ផែយើងដែរ ដែលកន្លងមកភាគច្រើន យើងនាំចេញទៅតាមកំពង់ផែហូជីមិញ ដែលមាននៅជិតជាង និងតម្លៃអាចធូរជាង។ បើសិនជាយើងមានកំពង់ផែ នាំចេញអចិន្រ្តៃយ៍បានល្អ អ្នករកស៊ីនឹងបង្វែរទិសមកកំពង់ផែកំពង់សោមវិញ»

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុកើនឡើង១៣% និងចំនួនកុងតៃន័រកើនឡើង១៧.៤៥% បើធៀបនឹងកាលពីឆ្នាំ២០២០៕