(តៃប៉ិ)៖ ការិយាល័យស្ថិតិរបស់កោះតៃវ៉ាន់បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កោះនេះនៅឆ្នាំ២០២១ នឹងកើនឡើងក្នុងកម្រិតលឿនបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយការិយាល័យនេះដំឡើងការព្យាករអំពីសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះដោយសារការនាំចេញខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការដំឡើងការព្យាករសេដ្ឋកិច្ចនេះធ្វើឡើងខណៈដែលការិយាល័យស្ថិតិបានដំឡើងការព្យាករកំណើនការនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារតម្រូវការពិភពលោកនូវផលិតបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យា 5G រថយន្តអគ្គិសនី និងបច្ចេកវិទ្យា computing ទំនើប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់តួលេខរបស់ការិយាល័យថវិកា គណនេយ្យ និងស្ថិតិថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់កោះតៃវ៉ាន់ ត្រូវបានរំពឹងថានឹងកើនឡើង ៦,០៩ភាគរយនៅឆ្នាំនេះ ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០១០មក ដែលនៅពេលនោះទទួលបានកំណើន ១០,២៥ភាគរយ។

សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កោះនេះនឹងកើនឡើង ៤,១៥ភាគរយ ដែលត្រូវបានដំឡើងពីការព្យាករដំបូងក្នុងខែសីហាដែលថាមានកំណើនតែ ៣,៦៩ភាគរយ។

លោក Tsai Hung-kun អនុប្រធានការិយាល័យថវិកា គណនេយ្យ និងស្ថិតិ បានថ្លែងថា បញ្ហាចង្វាក់ផ្គត់ផ្គង់នឹងប៉ះពាល់ដល់ការនាំចេញក្នុងត្រីមាសទី៤ ប៉ុន្តែកំណើនពាណិជ្ជកម្មនិងការប្រើប្រាស់ក្នុងស្រុកនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

លោក Tsai បានបន្ថែមថា៖ «តម្រូវការខាងក្រៅសម្រាប់ឆ្នាំក្រោយមិនអាក្រក់នោះទេ»

ការិយាល័យថវិកា គណនេយ្យ និងស្ថិតិបានមើលឃើញថា ការនាំចេញនៅឆ្នាំនេះនឹងកើនឡើង ២៨,៨៨ភាគរយធៀបនឹងឆ្នាំ២០២០ កើនឡើងតិចតួចធៀបនឹងការព្យាករមុនដែលថាកើនឡើង ២៨,១៥ភាគរយ ខណៈដែលការនាំចេញសម្រាប់ឆ្នាំក្រោយនឹងកើនឡើង ៦,១៤ភាគរយធៀបនឹង ៥,២២ភាគរក្នុងការព្យាករកាលពីខែសីហា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់នៅត្រីមាសទី៣ ឆ្នាំនេះ កើនឡើង ៣,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕