(ភ្នំពេញ)៖ លោកស្រី ឆាយ ស៉ីវលីន ដែលជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ដល់ទៅ២អាណត្តិជាប់ៗគ្នានោះ បានលើកឡើងថា តាមរយៈការលក់កញ្ចប់ទស្សនកិច្ចទៅកាន់ទីផ្សារទេសចរណ៍ក្រៅប្រទេស ឃើញថាភ្ញៀវអន្តរជាតិពិតជាមានចំណាប់អារម្មណ៍ចង់មកទស្សនាប្រទេសកម្ពុជាយ៉ាងខ្លាំង។

ទន្ទឹមនឹងនោះ លោកស្រីបានត្អូញត្អែរអំពីឧបសគ្គដែលមិនទាន់អាចឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់កម្ពុជាបានស្រួល នោះគឺមិនទាន់មានការបើកជើងហោះហើរមកកាន់កម្ពុជាឱ្យបានទូលំទូលាយ និងងាយស្រួលនៅឡើយ ខណៈប្រទេសខ្លះបើកឱ្យចេញស្រួល តែពិបាកនៅពេលចូលវិញ រីឯប្រទេសមួយចំនួនទៀត ថ្លៃសំបុត្រយន្តហោះមានតម្លៃថ្លៃពេក។

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ឆាយ ស៉ីវលីន បានលើកឡើងថា ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ (ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ) គឺពិតជាសមស្របខ្លាំងណាស់ ខណៈកម្ពុជានឹងក្លាយជាគោលដៅចម្បងដ៏ធំនៅក្នុងតំបន់ ដោយមិនចាំបាច់ពឹងផ្អែកលើការលក់ផ្គួប (លក់កញ្ចប់ទស្សនកិច្ច) ជាមួយប្រទេសជិតខាងដូចមុននោះឡើយ។ លោកស្រីថា ឥលូវនេះកម្ពុជាបាននិងកំពុងកសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ទៅដល់រមណីយដ្ឋានទេសចរណ៍នានា ខណៈការរៀបចំនៅតាមគោលដៅទេសចរណ៍ក៏ត្រូវបាន និងកំពុងរៀបចំយ៉ាងទាក់ទាញផងដែរ ដែលបង្កឱ្យផលិតទេសចរណ៍មានភាពសម្បូរបែបជាងមុន។

លោកស្រី ឆាយ ស៉ីវលីន បានបន្តថា ទោះជាយ៉ាងណា នៅពេលដែលបើកប្រទេសភ្លាមៗដូច្នេះ មិនមែនភ្ញៀវអាចមកខ្លួនឯងបានទេ គឺទាល់តែមានការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយភាពសម្បូរបែប និងមកពីច្រើនគោលដៅ ដូច្នេះទាល់តែក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការ និងពង្រីកជើងហោះហើររបស់ខ្លួនដែរ ហើយតម្លៃសំបុត្រក៏កុំលក់ថ្លៃហួសហេតុពេក។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «កន្លងមក យើងឃើញថានៅខាងប៉ែកប្រទេសចិន តម្លៃសំបុត្រយន្តហោះរបស់គាត់គឺថ្លៃ, ថ្លៃដោយសារការរឹតត្បិតគឺនៅមាននៅឯប្រទេសចិន ដូច្នេះវាក៏ជាឧបសគ្គមួយផងដែរសម្រាប់ការហូរចូលទេសចរពីទីផ្សារចិន»

ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះបានបន្តថា ប្រសិនបើការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងមកទាំងទៅវិញមានភាពងាយស្រួល នោះគឺជាចំណុចចូលរួមដ៏សំខាន់ក្នុងការផ្ដល់ឱកាស និងផ្ដល់លទ្ធភាពឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន។ លោកស្រីបានស្នើដល់រាជរដ្ឋាភិបាលគួរតែមានការចរចារ ឬពង្រីកការចរចាជាមួយរដ្ឋាភិបាលនៃប្រទេសទាំងនោះ។

លោកស្រីបានថ្លែងបន្តយ៉ាងដូច្នេះថា «ភ្ញៀវកំពុងអន្ទះសាមែនទែន គាត់ចង់ចូលមកកម្ពុជាមែនទែន ព្រោះឥលូវការរឹតត្បិត គឺយើងបានដោះចេញហើយ... យើងនឹងទទួលបានភ្ញៀវច្រើន នៅពេលមានការហោះហើរសម្បូរបែប។ ជាចំណាប់អារម្មណ៍ គាត់គ្រាន់តែឮថាបើកភ្លាម គាត់សួរថាច្បាស់ឬនៅ? គាត់ចង់ហោះហើរមកមែនទែន»

ក្រៅពីសំណូមពរឱ្យក្រុមហ៊ុនអាកាសចរណ៍ឆាប់បើកដំណើរការជើងហោះហើររបស់ខ្លួនឱ្យបានច្រើន ឬទៅមកប្រទេសច្រើនបន្ថែមទៀត លោកស្រី ឆាយ ស៉ីវលីន ក៏បានស្នើដល់ក្រុមហ៊ុនហោះហើរក្នុងស្រុកផងដែរ គួរតែពង្រីកជើងហោះហើររបស់ខ្លូនទៅកាន់ខេត្តគោលសំខាន់ៗ ដូចជា ភ្នំពេញ-សៀមរាប ភ្នំពេញ-ព្រះសីហនុ សៀមរាប-ព្រះសីហនុជាដើម ព្រោះកត្តានេះជាការទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់ ពិសេសគឺពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យបានយូរថ្ងៃ។

ឆ្លងកាត់ការបំពេញការងារក្នុងវិស័យទេសចរណ៍យូរឆ្នាំមកនេះ លោកស្រី ឆាយ ស៉ីវលីន បានសង្កេតឃើញថា កាលពីមុន កម្ពុជាលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរអន្តរជាតិតែនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ តំបន់ប្រាសាទ តំបន់ឆ្នេរសមុទ្រ-កោះ ប៉ុន្តែឥលូវនេះកម្ពុជាមានគោលដៅទេសចរណ៍នៅតាមតំបន់អេកូទេសចរណ៍ជាច្រើន ក៏ដូចជាសេវាកម្មសម្បូរបែប និងការពង្រឹងគុណភាពសេវាកម្មផ្សេងៗ។ ជាការកោតសរសើររបស់លោកស្រី គឺកម្ពុជាបច្ចុប្បន្នបានបង្កើតតំបន់អេកូទេសចរណ៍យ៉ាងច្រើន ដែលស្របនឹងនិន្នាការភ្ញៀវទេសចរនាពេលបច្ចុប្បន្ន ព្រោះជាគោលដៅដែលចាកឆ្ងាយពីការឆ្លងរីករាលជំងឺកូវីដ១៩។

សូមជម្រាបថា លោកស្រី ឆាយ ស៉ីវលីន ទើបតែបានបន្តជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) សម្រាប់អាណត្តិទី៩ ចាប់ពីឆ្នាំ២០២១-២០២៤ បន្ទាប់ពីគណៈកម្មការបោះឆ្នោតនៃសមាគមបានសម្រេចជាឯកច្ឆ័នតែងតាំងលោកស្រីជាប្រធានសមាគម CATA បន្តនៅអាណត្តិទី៩ទៀត៕